Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

គយចិន អនុញ្ញាតឲ្យ​នាំចូលថ្លែស្វាយស្រស់ពីប្រទេសកម្ពុជា

(ភ្នំពេញ) – ក្រសួងកសិកម្មកម្ពុជា បាន​ឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២១នេះ​ថា គយនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេច​អនុញ្ញាតិជាផ្លូវការ ឲ្យ​មានការ​នាំផ្លែស្វាយស្រស់ចេញពីកម្ពុជា ទៅលក់នៅទីផ្សារប្រទេសចិនហើយ។

ក្រសួងថា ពេលនេះក្រសួងនឹងចាប់ផ្តើម​រៀបចំពីធីជាផ្លូវការ នៃការនាំស្វាយស្រស់ចេញពីកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដោយ​សហការជាមួយឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ ។

ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវអនុញ្ញាតឲ្យនាំចូលត្រង់ទៅកាន់ប្រទេសចិនហើយ

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា ស្វាយដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ។

មកទល់ពេលនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ///សហគមន៍កសិកម្ម។ ហើយអគ្គនាយកដ្ឋានកសិកម្ម ក៏បាន និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។

សូមបញ្ជាក់ដែរថា ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់៕

Advertisement
Advertisement