Connect with us

សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ចុះផ្សាយ

ថ្ងៃ

(ភ្នំពេញ) – ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។

លោករដ្ឋមន្រ្តីបន្តថា ទន្ទឹមនឹងអ្វីដែលយើងបានសិក្សាលើទីផ្សារនេះ ក្រសួងទេសចរណ៍ក៏នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍របស់យើងមានសុវត្ថិភាព និងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងនេះបានមុន។

បន្ថែមពីលើនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសរណ៍ក៏បានលើកឡើងអំពីការខិតខំពង្រឹងការគ្រប់គ្រងចលនាភ្ញៀវទេសចរក្នុងស្រុក ក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដែលនឹងមានប្រជាពលរដ្ឋទៅកម្សាន្តតាមរមណីយដ្ឋានច្រើន ហើយប្រសិនបើរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅបញ្ចប់ការបិទខ្ទប់ទៀត នឹងមានភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាលចេញដើរកម្សាន្តច្រើនទៅតំបន់សមុទ្រ ខេត្តភូមិភាគឦសាន និងខេត្តសៀមរាប ជាដើម។

ក្នុងបរិបទនេះ លោករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរក្សាឲ្យបាននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទើបអាចចៀសផុតពីការឆ្លងជំងឺកូវីដ១៩៕

Advertisement
error: Content is protected !!