Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រោយថ្ងៃទី៥ ឧសភា តំបន់មួយចំនួន​នៅរាជធានីភ្នំពេញ​ដែលប្រឈមនឹកការឆ្លងកូវីដ១៩ នឹង​បន្ត​បិទ​ខ្ទប់

(ភ្នំពេញ) – លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលដែលនឹងបញ្ចប់នៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ តែយ៉ាងណា សម្រាប់​រាជធានីភ្នំពេញ ក្រោយថ្ងៃ០៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួនគឺនៅរក្សាដដែល ជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាមការបើកហាងផឹកស៊ី ហើយអាជ្ញាធរខណ្ឌនីមួយៗ ត្រូវតែពិនិត្យភូមិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ ឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ តែដោយឡែក ចំពោះរាជធានីភ្នំពេញ នៅរក្សាតំបន់៣គឺ តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមដដែល ដោយជំរុញឲ្យ​អាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

លោកបញ្ជាក់ថា អ្វីដែលយើងត្រូវអនុវត្ត គឺបង្រួមការបិទខ្ទប់តំបន់ប្រឈមឲ្យ​មកនៅទ្រង់ទ្រាយតូចជាងមុន ហើយចំពោះតំបន់លឿងយើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យ​បើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត ។ ចំពោះតំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែល ។ រីឯតំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យ​បានម៉ឺងម៉ាត់បំផុត ។

យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាឡើងវិញ ដោយរដ្ឋបាលរាជធានីភ្នំពេញ​នឹងចេញសេចក្តីសម្រេចនានា ជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានា ក្នុងរាជធានីភ្នំពេញនេះ៕

Advertisement
Advertisement