Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជីវករផ្សារអូឬស្សីម្នាក់ដែលគេចវេសមិនធ្វើចត្តាឡីស័ក រួចធ្វើដំណើរទៅស្រុកព្រៃកប្បាស ត្រូវបញ្ជូនទៅតុលាការហើយ

(ភ្នំពេញ) – ក្រោយពីបញ្ចប់ការព្យាបាលកូវីដ១៩​ និងធ្វេីចត្តាឡីស័ករួចរាល់រយ:ពេល១៤ថ្ងៃ​ បុរសម្នាក់ឈ្មោះ​ ពេជ​ កុសល​ ជាអាជីវករផ្សារអូឬស្សី ដែលបានគេចវេសមិនធ្វេីចត្តាឡីស័ក​កាល់ពីខែមីនា​ ឆ្នាំ២០២១​ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២១​ ដេីម្បីអនុវត្តបន្តតាមច្បាប់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កន្លងទៅឈ្មោះ ពេជ កុសល បានជិះម៉ូតូទៅជួបមិត្តភក្តិដែលស្នាក់នៅផ្សារអូរឫស្សី ហើយក៏បានឈប់ម៉ូតូបើករបាំង មួកសុវត្ថិភាពនិយាយគ្នា។

បន្ទាប់មកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថា មិត្តភក្តិដែលបាននិយាយគ្នាកាលពីថ្ងៃទី២១ មានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ ក៏បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគ កូវីដ១៩ ដោយទទួលលទ្ធផលអវិជ្ជមាន រួចសាមីខ្លួនបន្តធ្វើចត្តា ឡីស័កនៅផ្ទះរបស់ខ្លួនរហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

បន្ទាប់មកឈ្មោះ ពេជ កុសល បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ ជាលើកទី២ ដោយទទួលបានលទ្ធផលអវិជ្ជមាន ហើយខ្លួនក៏បន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ហើយក៏បានទៅផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ជាលើកទី៣ រួចបន្តធ្វើចត្តាឡីស័កនៅផ្ទះដើម្បីរង់ចាំលទ្ធផល។

លុះដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ មុនពេលចេញលទ្ធផលវិភាគរកមេរោគកូវីដ១៩ ឈ្មោះ ពេជ កុសល បានជិះម៉ូតូឌុបប្រពន្ធចេញពីផ្ទះដែលជាទីតាំងដាក់ចត្តាឡីស័ក ទៅផ្ទះម្តាយដែលស្ថិតនៅភូមិព្រៃភ្នំ ឃុំព្រៃកប្បាស ស្រុកព្រៃ កប្បាស ខេត្តតាកែវ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសុខាភិបាលបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែសាមីខ្លួនបានទៅដល់ផ្ទះម្តាយ ដែលស្ថិតនៅខេត្តតាកែវទៅហើយ។

ក្រោយមានលទ្ធផលវិជ្ជមាន ក្រុមគ្រូពេទ្យ បានសហការគ្នាទៅ យក ជននេះមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ជាសះ ស្បើយ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការតែម្តង៕

Advertisement
Advertisement