Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញសម្រេចកំណត់​តំបន់ ក្រហម លឿងទុំ និង​លឿង សារជាថ្មី

តាមសេចក្តីសម្រេច​មួយ​របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទើបចេញផ្សាយនៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២១នេះ បានធ្វើការបែងចែក តំបន់ក្រហម, តំបន់​លឿងទុំ និង​ តំបន់​លឿង សម្រាប់រយៈពេល​៧ថ្ងៃ ដោយ​គិត​ចាប់ពីម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២១។

បើតាម​សេចក្តីសម្រេចនោះ តំបន់ក្រហម គឺគេឃើញស្ថិតនៅ​ក្នុង​ខណ្ឌចំនួន៦ ដែល​រួម​មាន៖
ទី១៖ ខណ្ឌ៧មករា៖ នៅប្លុកបុរីកីឡា ចំនួន៨អគារ ក្នុងសង្កាត់វាលវង់

ទី២៖ ខណ្ឌទួលគោក៖ នៅក្នុងភូមិ២៣ នៃសង្កាត់បឹងកក់ទី២, ភូមិ១០ ភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦ ក្នុងសង្កាត់បឹងសាឡាង, ភូមិ១ ២ ៣ ៤ ៥ ៦ ៧ ក្នុងសង្កាត់ផ្សារដើមគ

ទី៣៖ ខណ្ឌមានជ័យ៖ ផ្នែកខ្លះនៃភូមិទ្រា និងផ្នែកខ្លះនៃភូមិថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១, ភូមិដំណាក់ធំ៤ និងផ្នែកខ្លះនៃភូមិភ្នាត់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២, ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣

ទី៤៖ ខណ្ឌឫស្សីកែវ៖ ភូមិទួលសង្កែ ភូមិចុងខ្សាច់ និងភូមិបាក់ទូក ក្នុងសង្កាត់ទួលសង្កែទី១

ទី៥៖ ខណ្ឌពោធិ៍សែនជ័យ៖ ភូមិត្រពាំងថ្លឹង១ ២ ៣ ៤ និងភូមិទួលពង្រ ក្នុងសង្កាត់ចោមទី១, ភូមិព្រៃកោង ក្នុងសង្កាត់ចោមចៅទី២

ទី៦៖ ខណ្ឌច្បារអំពៅ៖ ផ្នែកខ្លះនៃភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២។

សូមបញ្ជាក់ថា «តំបន់ក្រហម» គឺសំដៅ​ដល់​ភូមិ​សាស្រ្ត​ដែលមានការឆ្លង​រាលដាល​ធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុង​សហគមន៍ ដែលពលរដ្ឋ​រស់នៅក្នុងតំបន់នេះ ត្រូវ​បានហាមឃាត់​ការ​ចាកចេញពីលំនៅដ្ឋាន ឬ ទីសំណាក់បច្ចុប្បន្ន​របស់ខ្លួន រួមទាំង​ការ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​កីឡានៅ​ខាងក្រៅលំនៅដ្ឋាន។

«តំបន់លឿងទុំ» សំដៅដល់ភូមិ​សាស្រ្ត​ដែលមានការឆ្លង​រាលដាល​កម្រិតមធ្យម នៃជំងឺកូវីដ១៩​ក្នុងសហគមន៍ ដោយបុគ្គលគ្រប់រូប​ត្រូវ​ហាមឃាត់មិន​ឲ្យ​ធ្វើដំណើរ ចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន​របស់ខ្លួន លើកលែង​តែ​ការ​ធ្វើដំណើរ​ទៅ​ប្រកបមុខរបរ ឬអាជីវកម្ម ឬបំេពេញការងារ​ក្នុងវិស័យឯកជន ដោយ​ត្រូវ​មានលិខិត​អនុញ្ញាតធ្វើដំណើរ​ពីរដ្ឋបាល​រាជធានីភ្នំពេញ អមដោយ​ឯកសារ​បញ្ជាក់អត្តសញ្ញាណ និង​លិខិត​បញ្ជាក់ការងារ។

«តំបន់លឿង» សំដៅដល់ភូមិសាស្រ្ត​ដែលមានការឆ្លងរាលដាល​កម្រិតស្រាល នៃជំងឺកូវីដ​១៩ ក្នុង​សហគមន៍ ដែលត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើចរាចរណ៍​ធម្មតា តែមិនអនុញ្ញាត​ឲ្យ​ចេញចូល​តំបន់ក្រហម និងតំបន់លឿងទុំ ។ ដោយ​ឡែក​ការ​ចេញទៅក្រៅ​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ត្រូវ​អនុវត្ត​តាម​សេចក្តីណែនាំ​លេខ០៣ សណន ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល នៃជំងឺកូវីដ​១៩។

Advertisement
Advertisement