Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរស្រុកអង្គរបូរីចុះរុះរើសំណង់របស់ពលរដ្ឋ​នៅ​ជើង​ភ្នំដា ព្រោះតែរំលោភដីភ្នំរបស់រដ្ឋ តែមិនរុះរើសំណង់​លោក​មេគយច្រកបាក់ដៃដែលសង់រំលោភយកដីភ្នំរបស់រដ្ឋដូចគ្នា

(តាកែវ) – កាលពីពេលថ្មីៗនេះ លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី បានដឹកនាំ​កម្លាំងចម្រុះ ចុះទៅធ្វើការ​រុះរើ​របង និង​សំយ៉ាបផ្ទះ​របស់ប្រជាពលរដ្ឋ នៅ​ជាប់ជើង​ភ្នំដា ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែកតាផ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដោយ​សារ​តែសំណង់របស់ពលរដ្ឋ​ដែលរស់​នៅ​ប្រមាណ៤០ឆ្នាំមកនោះ បានបំពានទៅ​លើ​ដី​ភ្នំរបស់រដ្ឋ។

អាជ្ញាធរចុះដកបង្គោលរបងផ្ទះពលរដ្ឋក្បែរភ្នំដា

បើតាម​ប្រជាពលរដ្ឋ​ថា នៅពេលចុះមកដល់នោះ កម្លាំងប៉ូលិសជាច្រើននាក់ បានមក​​កាប់ និង​រុះរើ​របងផ្ទះ​របស់ពួកគាត់ ដោយ​ថា ពួក​គាត់បាន​រស់​នៅ និង​សង់​សំណង់​លើ​ដីរបស់រដ្ឋ ខណៈដែលទីតាំងនេះ ពួកគាត់​រស់​នៅ​តាំងពីដូនតាមក​ម្ល៉េះ។

ប្រជាពលរដ្ឋ​លើក​ឡើងថា អ្នករស់នៅជុំវិញប្រាសាទភ្នំដា សុទ្ធតែរស់លើដីរដ្ឋទាំងអស់ ហើយ​បើរដ្ឋត្រូវការពួកគាត់ប្រគល់ឲ្យ​ តែសុំអោយស្មើភាពគ្នា ដោយ​កុំមកដេញគ្រួសាក្រីក្រ ហើយប្រមូលទុកតែគ្រួសាអ្នកមានលុយនោះ។

សកម្មភាពអាជ្ញាធរចុះរុះរើសំណង់ផ្ទះពលរដ្ឋក្បែរភ្នំដា

តួយ៉ាង ដូចជា​ករណី លោក នាង សុខុម ប្រធានការិយាល័យគយ និងរដ្ឋករច្រកទ្វេភាគីបាក់ដៃ ដែលជា​អ្នក​មាន​លុយ​បានទៅសង់សំណង់ផ្ទះលម្ហែលើដីភ្នំបុរី តាំងពីជើងភ្នំដល់កំពូលភ្នំ តែអាជ្ញាធរ​មិន​បាន​ចុះ​ទៅធ្វើការ​រុះរើ​នោះទេ ដែលប្រហែលមក​ពីលោក​មេគយរូបនេះ មានលុយ និង​ជិតស្និទ្ធជាមួយ​លោកចៅហ្វាយស្រុក ដោយ​តាមប្រភពខ្លះថា ពួកគេ​គឺជា​មិត្តភក្តិជិតស្និទ្ធទៀតផង ទើប​បានជា​លោកចៅហ្វាយស្រុក​មិន​ហ៊ាន​ គឺហ៊ានតែជាមួយអ្នក​ក្រតូចតាចគ្មាន​លុយ គ្មាន​អំណាចនោះ។

សំណង់របស់លោក នាង សុខុម ដែលសង់នៅភ្នំបូរី

យ៉ាងណាក៏ដោយ ចំពោះ​ករណីចុះទៅរុះរើ និង​វាយ​របងផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជើងភ្នំដាកាលពីពេលថ្មីៗនេះ លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី​ បានថ្លែងថា ករណីនេះ លោកបានជូនដំណឹងទៅពលរដ្ឋ២ ឬ៣គ្រួសារខាងលើរួចហើយថា មិនឲ្យ​សង់កូនផ្ទះ ឬសង់ផ្ទះរឹងមាំឡើយ តែពលរដ្ឋទាំងនោះមិនស្ដាប់ ទើបលោកប្រើប្រាស់កម្លាំងចម្រុះចុះទៅចាត់វិធានការតែម្ដងទៅ។

ចំណែកករណីសំណង់របស់​លោក នាង សុខុម ដែលសង់​នៅ​ភ្នំបូរីលើដីរដ្ឋដូចគ្នា តែ​លោកអភិបាល​ស្រុក​មិន​ព្រមចាត់វិធានការនោះ យើងមិនអាចសុំ​ការ​អត្ថាធិប្បាយបាន​ឡើយ, តែយ៉ាងណាកន្លងមក​លោក ឌឹម គឹមសាន្ត ធ្លាប់​បាន​បញ្ជាក់ថា ដីនៅជើងភ្នំបូរីនោះ គឺជា​ដីរបស់រដ្ឋ មិន​ទាន់មានការកាត់ខ្វៀល​ឲ្យ​ប្រជាពលរដ្ឋណាម្នាក់ធ្វើកម្មសិទ្ធិឡើយ៕

Advertisement
Advertisement