Connect with us

Hi, what are you looking for?

ក្នុងស្រុក

តាមពិត វិរុស​កូវីដ​បម្លែង​ខ្លួន​ថ្មី​នៅ​ឥណ្ឌា ក៏​ត្រូវ​រកឃើញ​នៅ​កម្ពុជា​ផងដែរ

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNC នៅ​រសៀល​ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលកម្ពុជា បាន​បញ្ជាក់ថា វីរុស​បម្លែងខ្លួនថ្មី​ដែល​ត្រូវ​រកឃើញ​នៅ​ប្រទេស​ឥណ្ឌា ក៏​ត្រូវ​រកឃើញ​នៅ​ប្រទេស​កម្ពុជាដែរ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

លោកជំទាវបានបញ្ជាក់ថា វីរុស​ដែលបម្លែងខ្លួនថ្មីត្រូវ​រកឃើញ​នៅ​កម្ពុជា មាន​ចំនួន២ ក្នុងនោះ ទី១ គឺជាប្រភេទ ដែលយើងទាំងអស់ស្គាល់ហើយ B.1.1.7 គឺជាប្រភេទវីរុសកូវីដ១៩ ដែលវាបានបម្លែង ហើយគេរកឃើញនៅចក្រភពអង់គ្លេស ហើយក៏បានសាយភាយទៅតាមបណ្តាប្រទេសលើសកលលោករបស់យើង ក្នុងនោះនៅកម្ពុជារបស់យើងក៏រងនូវការឆ្លងពីវីរុសនេះផងដែរ។

ទី២ ដែលគេរកឃើញថ្មីៗបំផុតទៀតនោះ គឺនៅប្រទេសឥណ្ឌា ដែលវីរុសកូវីដ១៩ ក៏មានការបម្លែងខ្លួនដែរនោះ ដែលគេរកឃើញទៅ គេដាក់លេខឲ្យគាត់គឺ B.1.617 ហើយវីរុស ដែលបម្លែងនៅប្រទេសឥណ្ឌានេះ គឺជាប្រភេទវីរុស ដែលគេសង្កេតឃើញថា មានការឆ្លងហាក់ដូចជាលឿនមែនទែន ហើយក៏ភាពវាយលុកធ្ងន់ធ្ងររបស់វាក៏លឿនដែរ។ លោកជំទាវក៏បានជម្រាបជូនទៀតថា នៅកម្ពុជាយើងក៏មានរកឃើញនៅប្រភេទវីរុស ដែលបម្លែងខ្លួននៅប្រទេសឥណ្ឌានេះដែរ។ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការសិក្សាទៅគឺថាឃើញមានអ្នកដែលផ្ទុកនូវវីរុសប្រភេទនេះ ដែលបានធ្វើដំណើរមកកាន់កម្ពុជារបស់យើង។

លោកជំទាវក៏​បានធ្វើការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា យើងរំពឹងថានឹងមានការថយចុះជាបន្តបន្ទាប់ ក្រោយពីយុទ្ធនាការ ក៏ដូចជាវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះ ហើយយើងក៏មិនត្រូវភ្លេចខ្លួនថា វីរុសកូវីដ១៩នេះ បិទខ្ទប់ចប់ទៅមែន ក៏ប៉ុន្តែវីរុសកូវីដ១៩នេះ មិនទាន់ចប់ទៅណាទេ វីរុសកូវីដ១៩នេះនៅតែបន្តវាយលុកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយ៕

Advertisement
Advertisement