Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងយុត្តិធម៌ នឹងតាមដាន​ករណីចោទប្រកាន់គ្នាទៅវិញទៅមក រវាង​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្ររីតា

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែង​តាម​រយៈ​បណ្តាញ​សង្គម​នៅ​ថ្ងៃនេះ​ថា ករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយ៍ទូរទស្សន៍ My TV រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាងនោះ ពេលនេះ “ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ”។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌

អ្នក​នាំពាក្យ​បានបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ ក្រសួងទទួលបានតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។

ដូចនេះដើម្បីកំណត់ភាគីណាខុស ដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដ ក្នុងសំណុំរឿងអ្នកទាំងពីរខាងលើនេះ។

លោក គឹម សន្តិភាព បានបន្ថែមថា ក្រសួងយុត្តិធម៌នឹងបន្តតាមដាន ដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់ នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះ ជូនទៅស្ថាប័នតុលាការ ដើម្បីដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន៕

Advertisement
Advertisement