Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្លៀតឱកាសរដូវកូវីដ ឈ្មួញ​ចាក់ដីលុបអាងដងទង់សង់ផ្ទះល្វែងលក់ អាជ្ញាធរ​ធ្វើអត់ដឹង

(កំពត) – បើតាម​ការ​អះអាងរបស់ក្រុមប្រជាពលរដ្ឋបាន​ឲ្យដឹងថា អាងទឹកដងទង់ទំហំប្រមាណជាង១០ហិចតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់​លោកស្រី ប៊ូ ចាន់ធឿន ចាក់ដីលុបហើយ​រៀបចំសង់ផ្ទះល្វែងលក់។

ប្រជាពលរដ្ឋថា អាងទឹកដងទង់នេះ គឺជា​អាងស្តុកទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់ជាយូរណាស់មក​ហើយ ប៉ុន្តែ​កាលពីពេលថ្មីៗនេះ ស្របពេលដែល​មានការផ្ទុះឡើងនូវជំងឺកូវីដ១៩​ក្នុង​សហគមន៍ ដែល​គ្រប់គ្នា​មិន​ហ៊ានដើរហើរទៅណានោះ ស្រាប់​តែមានគ្រឿងចក្រ​រាប់សិបគ្រឿង ដែល​គេ​ដឹងថា គឺជា​របស់ក្រុមហ៊ុនលោកស្រី ប៊ូ ចាន់ធឿន បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយ​គេ​មិន​ឃើញ​អាជ្ញាធរ​ចាត់វិធានការអ្វីឡើយ, ដែល​បើតាម​ពលរដ្ឋថា ប្រហែលជាអាចមានការ​ត្រូវរ៉ូវគ្នា​ជាមួយ​អាជ្ញាធរ ទើប​បានជាគេហ៊ានលុបអាងទឹក ហើយ​អាជ្ញាធរ​ក៏​មិន​អើពើនោះ។

បើ​តាមលោក ទល់ រិន្ទ មេភូមិសុភីវិញបានថ្លែងថា អាងទឹកដងទង់នេះ គឺមានទំហំជាង៥ហិចតា ហើយដីនៅជុំវិញអាងទឹក គឺមានជាង៧ហិចតា ដែលកន្លងមកប្រជាពលរដ្ឋ​បាន​អាស្រ័យផលលើដីនោះ ហើយ​ពេលនេះ គឺពិតជាមានការចាក់ដីលុបអាងទឹកនេះមែន។

ចំពោះករណីនេះ យើងមិនអាចសុំការបំភ្លឺពីក្រុមហ៊ុន លោកស្រី ប៊ូ ចាន់ធឿន ដែលរងការចោទនោះបានទេនៅថ្ងៃនេះ។

ដោយឡែក លោក សុីវ ផេង អភិបាលស្រុកដងទង់ មិន​បានឆ្លើយ​បំភ្លឺពាក់ព័ន្ធករណីនេះទេ ដោយថា លោករវល់ប្រជុំ។

ចំណែកលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តកំពត បានថ្លែងថា រឿងឈ្មួញចាក់ដីលុបអាងទឹងដងទង់លោកមិនបានអនុញ្ញាតិច្បាប់ឲ្យ​ទេ តែអារឿងគេលុប គឺពាក់ពន្ធ័និងចៅហ្វាយស្រុកដងទង់ព្រោះគេជាម្ចាស់មូលដ្ឋាន។

បើតាម​លោកប្រធានមន្ទីរថា អាងទឹកដងទង់នេះ កន្លងមកធ្លាប់មានរឿងចម្រូងចម្រះគ្នាជាមួយពលរដ្ឋ ហើយ​លោកក៏បានទៅចូលរួមដោះស្រាយដែរ, លោកថា ដីអាងទឹងដងទង់កើតក្រោយឆ្នាំ១៩៧៩ហើយអាងទឹកនេះស្តុបទឹកសម្រាប់ឲ្យ​ក្រុមទាហ៊ាន ឬរាជការនៅដងទង់ប្រើប្រាស់៕

Advertisement
Advertisement