Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានមន្ទីរសុរិយោដីខេត្តកំពតថា ការចាក់ដីលុបអាងទឹកនៅស្រុក​ដងទង់ ពុំ​មាន​ច្បាប់ទេ

លោក ដាញ់ ដារី ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កំពត បាន​ថ្លែងថា ករណីលុបបឹងដងទង់ ដ៏គគ្រឹកគគ្រេង​នៅ​ក្បែរសាលាស្រុកដងទង់កាលពីពេលថ្មីៗនោះ គឺពុំមានច្បាប់អនុញ្ញាត​ទេ។

បើតាម​លោក​ប្រធាន​មន្ទីរ​រៀបចំដែនដីរូបនេះ​ថា ដីបឹងដងទង់នោះ គឺ​ជាដីដែលគ្មានឈ្មោះ ព្រោះពេលមន្រ្តីសុរិយោដីចុះ​ទៅធ្វើប្លង់ គឺពុំ​មាន​ប្រជាជនណាម្នាក់​មក​អះអាង ឬ​បង្ហាញ​លិខិត​សំគាល់អ្វីថាជាដីរបស់ខ្លួនទេ ដូច្នេះ​ដីនោះ​គឺពុំ​ត្រូវ​បានប្រគល់​ឲ្យ​អ្នក​ណា​ឡើយ។

តាម​ការលើក​ឡើង​របស់​លោកប្រធានមន្ទីរ​រៀបចំដែនដី​រូបនេះ​បាន​បញ្ជាក់យ៉ាងច្បាស់ថា ដីបឹងដងទង់ គឺពុំ​បាន​បែងចែក ឬ​ប្រគល់​ទៅ​ឲ្យ​អ្នក​ណាម្នាក់ទេ តើហេតុអ្វី​បានជា​ក្រុមហ៊ុន​របស់លោកស្រី ប៊ូ ចាន់ធឿន ហ៊ាន​ចាក់ដីលុបបឹងនោះដើម្បីសង់ផ្ទះល្វែង?

យ៉ាងណាក៏ដោយ បើ​តាម​ការ​លើក​ឡើង​របស់ប្រភពខ្លះថា រឿងអីដែលក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់ធឿន មិន​ហ៊ាន​ចាក់ដីលុបបឹងជាង​១០ហិកតានោះ បើគាត់គឺជាកូនស្រីរបស់ចៅហ្វាយស្រុកដងទង់ទៅហើយ។

គួរបញ្ជាក់ថា អាងទឹកដងទង់ទំហំប្រមាណជាង១០ហិចតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់​លោកស្រី ប៊ូ ចាន់ធឿន ចាក់ដីលុបកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីរៀបចំធ្វើ​ផ្ទះល្វែង​លក់។

អាងទឹកដងទង់នេះ គឺជា​អាងស្តុកទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់ជាយូរណាស់មក​ហើយ ប៉ុន្តែ​កាលពីពេលថ្មីៗនេះ ស្របពេលដែល​មានការផ្ទុះឡើងនូវជំងឺកូវីដ១៩​ក្នុង​សហគមន៍ ដែល​គ្រប់គ្នា​មិន​ហ៊ានដើរហើរទៅណានោះ ស្រាប់​តែមានគ្រឿងចក្រ​រាប់សិបគ្រឿង ដែល​គេ​ដឹងថា គឺជា​របស់ក្រុមហ៊ុនលោកស្រី ប៊ូ ចាន់ធឿន បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយ​គេ​មិន​ឃើញ​អាជ្ញាធរ​ចាត់វិធានការអ្វីឡើយ៕

Advertisement
Advertisement