Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ស្នងការខេត្តព្រះសីហនុថា ករណីបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារសមុទ្រមាស ជារឿងចាស់ ហើយពេលនេះជនពាក់ព័ន្ធកំពុងអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ

ថ្លែងប្រាប់កាសែតកម្ពុជាថ្មីនៅ​រសៀល​ថ្ងៃទី២៥ ខែឧសភានេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាន​បញ្ជាក់ថា ករណីលួច​បង្កប់កាមេរ៉ានៅក្នុង​បន្ទប់សណ្ឋាគារសមុទ្រមាស គឺជាសំណុំរឿងចាស់​កាលពីខែតុលា ឆ្នាំ​២០២០ ហើយ​ករណីនេះ តុលាការ​បាន​សម្រេច​ក្តីរួចហើយ ហើយ​ជនដែលពាក់ព័ន្ធនឹង​ការ​បង្កប់កាមេរ៉ានោះ ក៏​កំពុង​តែអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នៅ​ឡើយដែរ។

គួរ​បញ្ជាក់ថា នៅថ្ងៃនេះ តាមរយៈ​ទំព័រ facebook កញ្ញា ដេននី ក្វាន់ ដែលគេ​ដឹងថា គឺជា​តារាស្រីស៊ិចស៊ី បានបង្ហោះសាររួមទាំងវីដេអូ ដោយ​សម្តែងនូវ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្តចំពោះ​ករណី​សណ្ឋាគារសមុទ្រ​មាស​នៅក្រុង​ព្រះសីហនុ ដែល​បាន​លួច​បង្កប់​កាមេរ៉ា​នៅ​ក្នុង​បន្ទប់ស្នាក់​នៅ​របស់នាង ហើយពេលនេះ​​បានផ្តល់​សំណង​មក​នាង​ត្រឹម​តែ ១ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

នាងថា ករណីនេះបានកើតឡើងតាំងតែពីខែតុលា ឆ្នាំ​២០២០ ហើយការដែល​នាង​ទើបទម្លាយ​ចេញនៅពេលនេះ ក៏ព្រោះតែនាង​រង់ចាំ​ដំណោះស្រាយ​ល្អជាមួយ​ម្ចាស់សណ្ឋាគារ តែឥឡូវ​លទ្ធផលចេញមក គឺអយុត្តិធម៌សម្រាប់នាងណាស់ ដោយ​ការ​ឲ្យ​សំណង ១ម៉ឺនដុល្លារនេះ ប្រៀបដូចជាមើលងាយ​កិត្តិយស​របស់​នាងដែលជា​ស្រ្តីខ្មែរពេកហើយ៕

Advertisement
Advertisement