Connect with us

Hi, what are you looking for?

ក្នុងស្រុក

តេសរកឃើញកូវីដ១៩ ព្យាយាមគេចខ្លួនមិនទៅព្យាបាល តែត្រូវ​កម្លាំងកងរាជអាវុធហត្ថ​តាមចាប់យកមកវិញ

កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​បាន​ឲ្យដឹងថា កាលពីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ រួចបានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ ដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពេលនោះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំបុរសរូបនោះ យល់អំពីសារៈប្រយោជន៍នៃការព្យាបាលព្រមទាំងទោសទណ្ឌនៃការគេចវេស តែបុរសរូបនោះនៅតែមិនព្រមស្ម័គ្រចិត្តទទួលយកការព្យាបាល ថែមទាំងរើសដុំថ្ម ព្យាយាមវាយប្រហារមកលើសត្ថកិច្ចថែមទៀតផង ដោយមានការហ៊ុព័ទ្ធនិងបង្ខំ ពីសមត្ថកិច្ច បុរសនោះក៏ព្រមឡើងរថយន្តជាមួយ ក្រុមគ្រូពេទ្យ ដើម្បីទៅធ្វើការព្យាបាល នៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង។

បុរសរូបនោះមានឈ្មោះ ជា គា ភេទ ប្រុសអាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ករណីគេចវេសពីការព្យាបាលនេះ ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន៕

Advertisement
Advertisement