Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវជាតិលេខ៣ គ្រោង​បញ្ចប់ការ​សាងសង់ឆាប់ៗនេះហើយ, ផ្លូវនេះមានបំពាក់កាមេរ៉ាចាប់ល្បឿន និង​ជញ្ជីងថ្លឹងទម្ងន់ក្រោមដី

គម្រោងស្ថាបនា​ផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត គិត​មក​ទល់ពេលនេះ សម្រេចបានប្រមាណជាង ៩៨ភាគរយហើយ ដោយ​នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ផ្លូវជាតិមួយនេះ នឹង​មានបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤គ្រឿង កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ហើយ​ក៏​មានស្ពានអាកាសថ្មើជើងនៅនៅម្ដុំត្រាំខ្នាផងដែរ។

លើសពីនេះទៀត ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង៕

Advertisement
Advertisement