Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេឃុំកំពង់រាប នៃស្រុកព្រៃកប្បាស អនុញ្ញាត​ឲ្យបក្ខពួកខ្លួនសង់សំណង់រំលោភយកប្រឡាយទឹករបស់រដ្ឋ

យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ពេលនេះមានបុគ្គលម្នាក់ដែលជាមនុស្ស​ជំនិត​របស់​លោក សេង ម៉ៅ មេឃុំកំពង់រាប កំពុងតែសង់សំណង់រឹងមាំ​នៅ​លើ​ប្រឡាយទឹករបស់រដ្ឋ ស្ថិត​នៅ​ភូមិ​ជំនីកខាងជើង ដែលសូម្បីតែមេភូមិ​ដែលជាអាជ្ញាធរ​មូលដ្ឋានផ្ទាល់ ក៏​មិន​ហ៊ានហាមឃាត់ដែរ។

បុគ្គលដែលជាម្ចាស់សំណង់នោះបាននិយាយថា ការសាងសង់របស់គេនេះ គឺបានការអនុញ្ញាត​ត្រឹមត្រូវពីលោក សេង ម៉ៅ ដែលជាមេឃុំកំពង់រាប ដូច្នេះហើយទើបគេហ៊ានសាងសង់។

បើតាមប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានបាន​ឲ្យដឹងថា បច្ចុប្បន្ននេះ លោក សេង​ ម៉ៅ មេឃុំកំពង់រាប ហាក់បីដូចជាជិះសេះលែងដៃអញ្ចឹង ដោយពេលនេះគាត់បានច្បាមយកដីរដ្ឋជាច្រើនកន្លែង ហើយថែមទាំង​ឲ្យបក្ខពួករបស់ខ្លួនសាងសង់សំណង់ផ្សេងៗស្រេចតែអំពើចិត្ត​នៅ​តាម​ចំណីព្រែក ចំណីស្ទឹងជា​ដើម។

ពាក់ព័ន្ធនឹងករណីអនុញ្ញាត​ឲ្យ​បក្ខពួករបស់ខ្លួន​សង់សំណង់រឹងមាំ​នៅលើប្រឡាយទឹករបស់រដ្ឋនេះ យើងមិនអាច​ទាក់ទងសុំ​ការ​បំភ្លឺពីលោក សេង ម៉ៅ បានទេនៅថ្ងៃនេះ, តែបើតាម​លោក ស សារ៉ាន់ ស្មៀនឃុំ​កំពង់រាបវិញបានថ្លែងថា លោកបានដឹងពីរឿងនេះដែរ ដោយថា ម្ចាស់សំណង់នោះបានដាក់ពាក្យ​ស្នើ​សុំតាមរយៈភូមិ និង​ឡើងមក​ឃុំ ដោយ​ការ​សាងសង់នោះ គឺជាការសាងសង់ស្នាក់នៅបណ្តោះអាសន្ន ហើយលោកមេឃុំ​ក៏​បានអនុញ្ញាត​ទៅ។

បើតាមប្រភពខ្លះបាន​ឲ្យដឹងថា ពេលនេះមានប្រជាពលរដ្ឋជាច្រើនគ្រួសារ គ្រោងនឹងរៀបចំពាក្យ​ស្នើ​សុំ​ទៅ​កាន់លោកមេឃុំកំពង់រាបហើយ ដើម្បី​សង់ផ្ទះស្នាក់នៅបណ្តោះអាសន្ននៅលើប្រឡាយព្រែក ដូចករណីខាងលើដែរ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានថ្លែងថា ករណីសំណង់លើប្រឡាយទឹករបស់រដ្ឋនោះ លោក​បាន​ឲ្យ​សមត្ថកិច្ច​ចុះទៅហាមឃាត់ម្តងជាពីរដងហើយ ហើយថា រឿងសំណង់នោះជាសំណង់បណ្តោះអាសន្ន លោកមិនឯកភាពទេ ព្រោះសំណង់បណ្តោះអាសន្ន គឺជា​កូនខ្ទម ឬ​សំណង់ងាយរុះរើ តែការសាងសង់នៅលើប្រឡាយនោះ គឺជា​ការ​ចាក់សរសរសំណង់រឹងមាំ ដូច្នេះលោកនឹងកោះហៅលោកមេឃុំមក​បំភ្លឺក្នុងពេលឆាប់ៗនេះហើយ៕

Advertisement
Advertisement