Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីថា កំពុងស្វែងរកមុខអ្នក​កាប់បំផ្លាញព្រៃកោងកាងរាប់រយហិកតានៅក្នុងឃុំព្រែកខ្សាច់ឲ្យ​ទទួល​ខុសត្រូវ​មុខ​ច្បាប់ ខណៈ​ពលរដ្ឋ​គ្មានជំនឿ

ព្រៃកោងកាងដែលត្រូវគេបំផ្លាញដើម្បីយកដី

(កោះកុង) – ព្រៃកោងកាងប្រមាណជាង២០០ហិកតា លាតសន្ធឹងពីចំណុចភ្នំពយអគ្គីនេត្រដល់ចំណុចព្រែករូងស្ថិតក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ស្ថិតក្នុងដែនដែនឧទ្យានជាតិបុទុមសាគរ ត្រូវបានគេ​កាប់បំផ្លាញវាតយកដីធ្វើកម្មសិទ្ធិ ហើយ​ពេលនេះមន្រ្តីបរិស្ថានកំពុង​ស្វែងរកជនពាក់ព័ន្ធឲ្យមក​ទទួលខុសត្រូវចំពោះមុខច្បាប់ តែពលរដ្ឋហាក់គ្មានជំនឿទាល់តែសោះ។

បើតាមប្រជាពលរដ្ឋនៅមូលដ្ឋានថា ព្រៃកោងកាងទាំងនេះ ត្រូវ​បានគេសម្រុកចូលកាប់បំផ្លាញកាលពីឆ្នាំ២០២០ ដោយមានមេខ្យល់ដែលជាមន្ត្រីមូលដ្ឋានក្នុងឃុំព្រែកខ្សាច់ ជាអ្នកសម្របសម្រួលបិទបាំង និងជាអ្នកដើរប្រមូលទិញដីព្រៃកោងកាងទាំងនោះលក់ឲ្យទៅក្រុមឈ្មួញដែលជាមេការក្រុមហ៊ុនដ៏មានឥទ្ធិពលក្នុងតំបន់នោះ និងលក់បន្តឲ្យទៅអ្នកមានលុយផ្សេងៗទៀត ដោយមានការទទួលស្គាល់លើលិខិតទិញលក់ ដោយខុសច្បាប់ ពីអាជ្ញាធរមូលដ្ឋាន។

ព្រៃកោងកាងដែលត្រូវគេបំផ្លាញដើម្បីយកដី

លោក រៀម រុំ មេឃុំព្រែកខ្សាច់បានថ្លែងថា លោកបានខិតខំការពារព្រៃកោងកាងក្នុងភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលរបស់លោកខ្លាំងណាស់ ដើម្បីទុកជាប្រយោជន៍រួមមិនដែលធ្វើប្រហែសឡើយ ប៉ុន្តែជនខិលខូចមួយចំនួន នៅតែមានធ្យោបាយអាចលួចកាប់ទន្ទ្រានបានជាដដែល។ លោកមេឃុំទទួលស្គាល់ថា កន្លងមកលោកពិតជាបានចុះហត្ថលេខាទទួលស្គាល់លើលិខិតទិញលក់ដីរបស់ពលរដ្ឋពិតមែន ដោយសារពួកគាត់ជាពលរដ្ឋមានឯកសារកាន់កាប់ដីធ្លីដែលមានការទទួលស្គាល់ត្រឹមត្រូវពីអតីតមេឃុំព្រែកខ្សាច់។

ចំពោះករណីនេះ លោក ហ៊ុន ម៉ារាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា មន្ត្រីឧទ្យានុរក្សបុទុមសាគរ បានចុះពិនិត្យស្រាវជ្រាវរួចហើយ ហើយបានរកឃើញថា ពិតជាមានការកាប់បំផ្លាញព្រៃកោងកាងនៅក្នុងដែនឧទ្យានជាតិដោយខុសច្បាប់ក្នុងភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគិរីសាគរពិតមែន ប៉ុន្តែទំហំជាក់ស្តែងមិនដូចការលើករបស់ពលរដ្ឋនោះទេ។

លោកបន្តថា ដីព្រៃកោងកាងទាំងនេះ មួយចំនួនស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិបុទុមសាគរ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុងរួចទៅហើយ ក្រោយក្រសួងបរិស្ថានបានកាត់ឆ្វៀលចេញ ប៉ុន្តែរឿងរ៉ាវនេះខាងមន្ទីរបរិស្ថានខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីឲ្យអាជ្ញាធរជួយស្វែងរកមុខជនខិល ខូច យកមកទទួលខុសត្រូវចំពោះមុខច្បាប់រួចហើយ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកខ្សាច់លើកឡើងថា ពួកគាត់គ្មានជំនឿលើអាជ្ញាខេត្តកោះកុង ថាអាចស្វែងមុខរកជនខិលខូច ដែលកាប់បំផ្លាញព្រៃកោងកាងទ្រង់ទ្រាយធំសម្បើមខាងលើ ដើម្បីយកទៅទទួលទោសចំពោះមុខច្បាប់បាននោះទេ ដោយសារការកាប់បំផ្លាញព្រៃកោងកាងក្នងឃុំព្រែកខ្សាច់នេះ គឺពលរដ្ឋតូចតាចមិនអាចធ្វើបានឡើយ បើគ្មានអ្នកមានលុយមានអំណាចនៅពីក្រោយខ្នងនោះ និយាយរួមគឺមានការឃុបឃិតជាលក្ខណៈប្រព័ន្ធ ដើម្បីទន្ទ្រានដីព្រៃកោងកាងរបស់រដ្ឋក្នុងឃុំព្រែកខ្សាច់យកធ្វើកម្មសិទ្ធិ ជ្រកក្រោមហេតុផល អាជ្ញាធរមូលដ្ឋានស្នើកាត់ឆ្វៀលដីកាន់កាប់អាស្រ័យផលរបស់ពលរដ្ឋ ហើយចុងបញ្ចប់ដីព្រៃកោងរបស់រដ្ឋទាំងអស់នោះ នឹងក្លាយជាដីកម្មសិទ្ធិស្របច្បាប់របស់បុគ្គលដ៏មានលុយនិងមានអំណាចជាមិនខាន៕

Advertisement
Advertisement