Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

អ្នក​បណ្តាក់ទុន លើក​គ្នា​ទៅតវ៉ាដល់មុខ​ក្រុមហ៊ុន GFX ក្រោយ​គ្មាន​ដំណោះ​ស្រាយ​រឿង​ស៊ីដាច់លុយរាប់សែនដុល្លារ

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ ក្រុមអ្នក​ដែល​យក​លុយ​ទៅ​បណ្តាក់ទុនតាមរយៈក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) រឺហៅកាត់ថា ជីអ្វេហអិក (GFX) បានលើក​គ្នា​ទៅធ្វើ​ការ​តវ៉ានៅខាងមុខក្រុមហ៊ុន GFX ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោយ​ពីក្រុមហ៊ុន​គ្មាន​ដំណោះ​ស្រាយ​រយៈ​ពេលប្រមាណ២ខែមកហើយ រឿង​ស៊ីដាច់លុយរាប់សែនដុល្លារ។

តាមការលើក​ឡើងរបស់​អ្នក​តវ៉ាថា មុននឹងឈានដល់ការធ្វើបែបនេះ ដោយសារនិយ័តករមូលបត្រកម្ពុជាកាលពីពេលកន្លងមកបានចេញសេចក្តីជូនដំណឹង ក៏ដូចជាប្រាប់ថា កំពុងស្វែងរកដំណោះស្រាយជុំវិញសំណុំរឿងគណនីរបស់អតិថិជនដែលធ្វើការវិនិយោគជាមួយក្រុមហ៊ុន GFX ដែលបានបាត់បង់លុយនេះ ប៉ុន្តែរហូតមកដល់ពេលនេះរយៈពេលប្រមាណ ២ខែហើយនៅតែស្ងាត់ដំណឹងសូន្យឈឹង ទាំងប្រាក់ចំណេញ និងប្រាក់ដើម ក៏មិនអាចដកបាន។

ពួកគាត់បាននិយាយថា គាត់បានវិនិយោគដោយទិញឧបករណ៍និស្សន្ទតាមរយៈក្រុមហ៊ុន GFX ជាយូរឆ្នាំហើយដែរ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២១កន្លងទៅនេះ គណនីវិនិយោគរបស់ពួកគាត់ បានបាត់បង់លុយ ហើយពួកគាត់បានសុំឱ្យក្រុមហ៊ុនដោះស្រាយជូនវិញ។

ពាក់ព័ន្ធនឹងករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បកស្រាយ​ពីក្រុមហ៊ុន GFX ក៏​ដូចជា​ខាងនិយ័តករមូលបត្រ​កម្ពុជា​បានទេនៅថ្ងៃនេះ។

បើតាម​ការ​ជូនដំណឹង​របស់​ក្រុមហ៊ុន GFX កាលពីកំឡុង​ខែមីនាបាន​ឲ្យដឹងថា ក្រុមហ៊ុននេះ​បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន ក្រោយ​ពីធ្វើសវនកម្ម​រកឃើញថា បុគ្គលិក​ជាន់ខ្ពស់របស់ក្រុមហ៊ុនជា​ជនជាតិបរទេស​បាន​កឹបកេងយកប្រាក់​របស់អតិថិជន ហើយ​បានរត់គេចខ្លួន, ក្នុងនោះដែរ ក្រុមហ៊ុន​ក៏​បានស្នើ​ដល់អ្នក​វិនិយោគឲ្យ​ចូលរួម​ប្តឹង​អ្នក​កឹបកេង​ទាំងនោះ តែអ្នក​វិនិយោគ​បាន​និយាយថា ពួកគេបានវិនិយោគជាក្រុមហ៊ុន ដូច្នេះក្រុមហ៊ុន​ត្រូវតែជា​អ្នក​ទទួលខុសត្រូវ៕

Advertisement
Advertisement