Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរស្រុកព្រៃនប់ចុះទៅធ្វើការហាមឃាត់របងថ្មសងខាងអូរ ដែលសង់មិនមានច្បាប់អនុញាត្តិ

ព្រះសីហនុ៖ របងថ្មសងខាងអូរដ៏រឹងមាំសាងសង់រំលោភបំពានលើដីអូរសាធារណៈក្នុងគោលបំណងវាតទីយកដីអូរនោះធ្វើជាកម្មសិទ្ធិពីសំណាក់ លោក គឹម ឡុង ត្រង់ចំណុចតាមបណ្តោយផ្លូវ សម្តេច សង្ឃទេព វង្ស ស្ថិតនៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរស្រុកចុះទៅធ្វើការ ហាមឃាត់ហើយ កាលពីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោយពិនិត្យឃើញថា មិនមានច្បាប់អនុញាត្តិ ។

លោក ព្រំ មុន្នី អនុប្រធានរដ្ឋបាលសាលាស្រុកព្រៃនប់ បានបញ្ជាក់ថាសំណង់របងថ្មខាងលើនេះ ត្រូវបានអាជ្ញាធរចុះធ្វើការហាមឃាត់ម្តង រួចមកហើយក្នុងពេលកន្លងមក ហើយសំរាប់ពេលនេះគឺជាលើកទី២ ដែលអាជ្ញាធរស្រុកចុះធ្វើការហាមឃាត់មិនអនុញាត្តិឲ្យធ្វើការសាងសង់បន្តទៀតទេ ដោយសារតែសំណង់ របងថ្មសងខាងអូរនេះ ទី១.មិនមានច្បាប់អនុញាត្តិ ទី២.សាងសង់លើដីអូរសាធារណៈ ជាដីរដ្ឋ។

ជាមួយគ្នានេះ លោក ព្រំ មុន្នី ក៏បានបញ្ជាក់បន្ថែមទៀតថា សំណង់របងថ្មអាចបន្តការសាងសង់បាន លុះត្រាតែមានច្បាប់អនុញាត្តិត្រឹមត្រូវ ពីរដ្ឋបាលខេត្តព្រះសីហនុ ចំណែកឯរដ្ឋបាលស្រុកព្រៃនប់ មិនមានសិទ្ធិក្នុងការសម្រេច ចេញច្បាប់អនុញាត្តិនោះឡើយ ពីព្រោះវាជាដីអូរសាធារណៈរបស់រដ្ឋ ហើយក្នុងករណីម្ចាស់ការដ្ឋានសាងសង់ មិនព្រមអនុវត្តតាម រដ្ឋបាលស្រុកនិងមានវិធានការច្បាប់រដ្ឋបាល។

ពាក់ព័ន្ធទៅនិងបញ្ហារនេះ លោក គឹម ឡុង ដែលជាម្ចាស់សាងសង់របងថ្ម នៅសងខាងអូរ ខាងលើនេះ នៅព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោកបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន តាមរយៈទូរស័ព្ទ លោកបានបញ្ជាក់យ៉ាងច្បាស់ថាដីនៅសងខាងអូរ គឺជាដីមានប្លង់កម្មសិទ្ធិរបស់លោក ហើយការសាងសង់របងថ្មនៅសងខាង អូរបែបនេះគឺក្នុងគោលបំណង់ការពារការបាក់ស្រុតដីធ្លាក់ចូលអូរ។ ហើយការសាងសង់នេះ មិនមានច្បាប់អនុញាត្តិអ្វីទេ ដោយសាររដ្ឋបាលស្រុកព្រៃនប់មិនអនុញាត្តិនិងតម្រូវឲ្យលោកទៅសុំច្បាប់នៅរដ្ឋបាលខេត្ត ព្រះសីហនុ។ ចំពោះការសាងសង់នាពេលនេះ អាចដំណើរការទៅបាន គឺលោកបានទៅសុំច្បាប់ពីសាលាក្រុងព្រះសីហនុរួចរាល់អស់ហើយ ដូចនេះអ្នកសារព័ត៌មាន បើចងដឹង ទៅសួរសាលាក្រុងព្រះសីហនុទៅ និងដឹងហើយ កុំបាច់មកសួរគាត់ទៀត។ ទាំងនេះគឺជាការអះអាងរបស់ លោក គឹម ឡុង ដោយ មិនដឹងថា ច្បាប់អនុញាត្តិលោក គឹម ឡុង ពេលនេះ ទទួលបានពីរដ្ឋបាលក្រុងព្រះសីហនុដោយវិធីណានោះទេ ឬក៏ចេះតែនិយាយឲ្យតែរួចពីមាត់ ពីព្រោះកិច្ចការសុំច្បាប់នេះលោក ព្រំ មុន្នី បានបញ្ជាក់យ៉ាងច្បាស់ថាមាន តែរដ្ឋបាលខេត្តព្រះសីហនុទេ ដែល អាច មានសិទ្ធិក្នុងការសម្រេច។

គួររំលឹកផងដែរថាស្រុកព្រៃនប់ ក្នុងអំឡុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅតាម ទីប្រជុំជន ក៏ដូចជាតាមបណ្តោយផ្លូវសាធារណៈ មួយចំនួនត្រូវបានទឹកភ្លៀងជន់លិចជាប្រចាំ ក្នុងពេលមានភ្លៀងធ្លាក់។ ជុំវិញបញ្ហារនេះ ត្រូវបានមហាជនលើកឡើងថាទឹកជន់លិច ដោយសារតែអូរប្រឡាយដែលពីមុនធំទូលាយ អាចគ្រប់គ្រងទឹកជំនន់ទឹកភ្លៀងបានគ្រប់ស្ថានភាពនោះ ត្រូវបានគេឃុបឃិតគ្នាចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ស្ទើរអស់ទៅហើយ ជាហេតុធ្វើឲ្យទំហំអូររួញតូចចង្អៀតបង្ករភាពកកស្ទះទឹក ជនលិចបែបនេះទៅ។ ទង្វើបែបនេះអាចនិយាយបានថា ការគ្រប់គ្រងអនុវត្តច្បាប់ របស់មន្រ្តី សាលាស្រុកព្រៃនប់ ធូរលុង៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement