Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឈ្មួញពូកែខាងឆបោក និង​លក់ដី​ខ្យល់​នៅខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

(សៀមរាប) – មេឈ្មួញរៀបចំដីខ្យល់លក់ និងជាជនឆបោកម្នាក់នៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ចុះ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជាក់ថា ឈ្មោះ ផូ ស៊ីផា អាយុ៤៦ឆ្នាំ រស់​នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគងខេត្ដសៀមរាប មុខរបរគួកជេរដី ហើយជននេះ បានគេចវេស មិនព្រមចូលខ្លួន ទៅតាមការកោះហៅរបស់ព្រះរាជអាជ្ញាជាច្រើនដង។

យោងតាមបណ្តឹងរបស់លោកស្រី ផាត់ សុជឿន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានប្តឹង ឈ្មោះ ផូ ស៊ីផា ពីបទ“ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយ សុចរិត” និងបទ “ប្រឆាំង និងអ្នករាជការ“ ប្រព្រឹត្តទៅនៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមខ្លឹមសារនៃបណ្តឹង បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នោះ គណៈកម្មការសុរិយាដីខេត្ត និងស្រុកបន្ទាយស្រី បានចុះបោះបង្គោលព្រំ លើក្បាលដីជាប្រភេទប្លង់រឹងទាំង៦ក្បាលដី ដែលមានចំនួនសរុប២១.៤ហិកតា នៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ជិតទីតាំងគម្រោង បុរីអង្គរលែន ម៉ាក្ស)។ ក្នុងពេលដែលក្រុមគណៈកម្មការចំរុះ កំពុងប្រតិបត្តិការស្រាប់តែលោក ផូ ស៊ីផា បានចុះមករារាំងដកបំផ្លាញបង្គោលព្រំ ដោយការស្រែកជេរប្រមាថជាមួយចារឹកច្រងេងច្រងាងបែបមនុស្សពាល មកលើសមត្ថកិច្ច និងម្ចាស់ដី កំពុងអនុវត្ត តួនាទីរបស់ពួកគេ។ ជាងនោះទៅទៀត ឈ្មោះ ផូ ស៊ីផា បានយកគ្រឿងចក្រអ៊ីចស្ការ មកកាយហ៊ុមព័ទ្ធព្រំ ដីរំលោភលើដីស្របច្បាប់ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់រឹង) ត្រឹមត្រូវ ក្នុងគោលបំណងលក់ទៅឲ្យ​ក្រុមហ៊ុនពុះឡូត៍ក្នុងស្រុកមួយ។

បើតាម​អ្នក​ដឹងរឿងរ៉ាវនេះខ្លះថា ឈ្មោះ ផូ ស៊ីផា នេះល្បីខាងរៀបដីខ្យល់ លក់ពីមួយដាក់ទៅមួយ តាមរូបភាពលក់អោយអ្នកចាស់រួចហើយ លក់បន្តទៅអោយ អតិថិជនថ្មីៗទៀត ជាន់កម្មសិទ្ធិគ្នាជាច្រើន ទោះជាដឹងមានម្ចាស់ហើយក៏ដោយ។ ក្រៅពីបណ្តឹងចាប់ខ្លួនខាងលើ បច្ចុប្បន្នឈ្មោះ ផូ ស៊ីផា ក៏មាន បណ្តឹងជាច្រើនទៀត បានប្តឹងចូលទៅកាន់តុលាការ ពី “បទក្បត់ទំនុកចិត្ត”៕

Advertisement
Advertisement