(ភ្នំពេញ) – ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតែស្ត Sequencing រកឃើញមេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 នៅលើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់។
អ្នកជំងឺទាំង៣នាក់នោះរួមមាន ទី១៖ ភេទស្រី អាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ, ទី២៖ ភេទប្រុស អាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងទី៣៖ ភេទស្រី អាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថា វីរុសបម្លែងថ្មី ប្រភេទ B.I.617 ជាមេរោគដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ហើយត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ និងវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការដាក់ចេញនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍កម្ពុជា៕