Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាធារណជន​កំពុងចាំមើលថា តើលោក អ៉ិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាប ដែលហ៊ាន​ព័ទ្ធអួនចាប់ត្រីក្នុង​បឹងអភិរក្ស មានទោស​ដែរ ឬយ៉ាងណា?

កាលពីពេលថ្មីៗនេះ ពលរដ្ឋរាប់រយនាក់​រស់នៅភូមិកំពង់ព្រះ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំគ្នាតវ៉ា ក្រោយ​ពីឃើញ​ក្រុមឆ្មាំយាមអន្លង់អភិរក្សមេពូជត្រីអន្លង់ចិន បែរជា​នាំគ្នា​ហ៊ុំព័ទ្ធ​ចាប់ត្រី​ក្នុង​តំបន់​អភិរក្ស ខណៈ​ខ្លួន​គឺជា​អ្នក​តែង​ចាប់ពលរដ្ឋ​ដែល​ហ៊ានចូលនេសាទ​ក្នុង​តំបន់​នោះ។

ក្រោយទទួលបានព័ត៍មាននេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានចាត់តាំងលោកកង វន្ថាអភិបាលរងស្រុកដឹកនាំកំលាំងចម្រុះចុះទៅដល់កន្លែងកើតហេតុ ហើយ​បានដកហូតយកសម្ភារៈល្មើសនិងធ្វើកំណត់ហេតុសាកសួរមនុស្សចំនួន​១១នាក់ ដោយ​មាន​អ្នកប្រព្រឹត្ត៩នាក់ និងអ្នកបញ្ជាឲ្យ​ធ្វើសកម្មភាព២នាក់ទៀតគឺលោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាប និង​ម្នាក់ទៀតឈ្មោះ រស់ ប៉ុន ជាអនុប្រធានសហគមន៍។ ហើយក្រោយធ្វើកំណត់ហេតុរួចរាល់ក្រុមអាជ្ញាធរស្រុកបានប្រគល់ទៅអោយមន្រ្តីជំនាញរដ្ឋបាលជលផលចាត់ការបន្ត។

តាមលោក រស់ ប៉ុន អនុប្រធានសហគមន៍នេសាទកំពង់រាបបានឲ្យ​ដឹងថា លោកធ្វើតាមតែការបញ្ជាពីលោក អុិន ជឿន ជាប្រធានសហគមន៍នោះទេ។

លោក រស់ ប៉ុន បានថ្លែងថា លោក អុិន ជឿន អ្នកបញ្ជាឲ្យ​លោកទៅជួលស្បៃអ៊ួនដើម្បីយកទៅហ៊ំពន្ធ័ចាប់ត្រីក្នុងអន្លង់ តែម្ចាស់អ៊ួនគេមិនព្រមជួលឲ្យ​ទេ ទាល់តែប្រធានសហគមន៍ទៅជួលទើបគេព្រមជួលឲ្យ ព្រោះគេខ្លាចខុសច្បាប់ ហើយ​ក្រោយមកលោក អុិន ជឿន ក៏ទៅ​ជួលអ៊ួនដោយខ្លួនឯង និងបានឲ្យយកទៅក្រុមឆ្មាំប្រព្រឹត្តបទល្មើសតែម្ដងទៅ។

ជុំវិញករណីខាងលើនេះ យើង​មិន​អាច​សុំការបំភ្លឺពីលោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាបបានទេ។

ពាក់ព័ន្ធករណីនេះ លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវបានថ្លែងថា ជំនាញរបស់លោកបានទទួលកំណត់ហេតុ និងវត្ថុតាងពីអាជ្ញាធរស្រុករួចហើយឃើញថា មានជនល្មើស១១នាក់ពិតមែន ហើយកម្លាំងរបស់លោកកំពុងបន្តនិតិវិធី។

លោកបានបញ្ជាក់ទៀតថា បទល្មើសនេះជនសង្ស័យអាចប្រឈមផ្លូវច្បាប់ជាប់ពន្ធនាគាពី៣ឆ្នាំទៅ៥ឆ្នាំយោងតាមមាត្រា៩៨ស្ដីពីច្បាប់រដ្ឋបាលជលផល៕

Advertisement
Advertisement