Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រវាញ ចាប់ផ្តើម​មានទីផ្សារ ក្រោយ​ពីមនុស្ស​ជា​ច្រើន​បានស្គាល់ពីអត្ថប្រយោជន៍របស់វា

ក្រវ៉ាញ

យោង​តាម​អត្ថបទ​ចុះផ្សាយ​ដោយ​ក្រសួងបរិស្ថាន​បាន​ឲ្យដឹងថា ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ រុក្ខជាតិព្រៃដែលមាន​រស់ជាតិ​ប្រហាក់ប្រហែលនឹងខ្ញីមួយនេះ ភាគច្រើន​មាន​ដុះ​នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុសជាដើម។

ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ គេ​អាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារផងដែរ។

ក្រវ៉ាញ

ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរាងរាល់ឆ្នាំរហូតដល់អាយុ ៥០ឆ្នាំ។ តាមការសិក្សានានាបង្ហាញថា ការដាំក្រវាញបានត្រឹមត្រូវតាមបច្ចេកទេស ក្រវាញអាចផ្តល់ផ្លែបានច្រើន។

បច្ចុប្បន្ន ដោយសារមានទីផ្សារកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ប្រើប្រាស់ជាបន្លែ មាន​សហគមន៍មួយ​ចំនួន​បានផ្តើមកាត់យកកណ្តៀងក្រវាញទៅលក់នៅលើទីផ្សារ ដែលគេ​អាចយកវាទៅស្ងោរសម្រាប់ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ ។ល។ ដោយសារកណ្តៀងក្រវាញមានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ។

ថ្មីៗនេះ ក្រសួងបរិស្ថានបានជំរុញឱ្យគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ចុះរៀបចំសហគមនគោលដៅ ដាំក្រវាញ ដើម្បីយកចូលទីផ្សារនាឆ្នាំខាងមុខៗ៕

ប្រភព៖ ក្រសួងបរិស្ថាន

Advertisement
Advertisement