Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចេញពីភ្នំពេញ​មក​លេងកូននៅកោះកុង ៤ថ្ងៃក្រោយស្លាប់ គ្រូពេទ្យ​ពិនិត្យ​ឃើញ​មាន​ជំងឺកូវីដ១៩

(កោះកុង) – មន្រ្តីសុខាភិបាលខេត្តកោះកុង​បាន​ឲ្យដឹងថា កាលពីថ្ងៃទី១០ មិថុនា ម្សិលមិញនេះ មាន​បុរសវ័យ ៦៤ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយ​ភ្លាមនោះ គេ​បានធ្វើតេស្ត​រកសាច់ញាតិអ្នកស្លាប់មានផ្ទុកវីរុសកូវីដ-១៩ ចំនួន ២នាក់ក្នុងចំណោម ៦នាក់។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា បុរស​ដែលស្លាប់នោះ មានឈ្មោះ ចាន់ លី បានស្លាប់នៅលើរថយន្តមុនពេលមកដល់មន្ទីរពេទ្យ។  តាមលោកប្រធានមន្ទីរពេទ្យថា បុរសរូបនោះបានធ្វើដំណើរ​មក​ពីទីក្រុង​ភ្នំពេញរយៈ​ពេល​៤ថ្ងៃមកហើយ ដោយ​គាត់​មក​សម្រាក​ជាមួយ​កូន​ដែលជាអ្នក​ចាំចម្ការ នៅ​ចំណុច​វង់កថៈ ស្ថិត​ក្នុង​ភូមិ​ចាំយាម ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា, ហើយអំឡុងពេល៤ថ្ងៃនេះ បុរសដែលស្លាប់មានអាការៈដកដង្ហើមដង្ហក់ខ្លាំង ទើបក្រុមគ្រួសារដឹកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារមើលនូវស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៏ផ្តើមស្រាវជ្រាវជាបន្ទាន់មួយដោយ​មិនអនុញ្ញាតឲ្យយកអ្នកជំងឺចេញពីរថយន្តភ្លាមៗទេ ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន អះអាងថា ជៀសវាងមាន ហានិភ័យនៃការឆ្លងរីករាលដាលជំងឺ ករណីសង្ស័យលើអ្នកពាក់ព័ន្ធនេះ ខាងក្រុមគ្រូពេទ្យពុំអនុញ្ញាតឲ្យ​ក្រុមគ្រួសារយកសាកសពចេញពីមន្ទីរពេទ្យឡើយ ដើម្បីផ្តល់លទ្ធភាពដល់ក្រុមគ្រូពេទ្យរៀបចំវេចខ្ចប់តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ។

តាមការបញ្ជាក់បន្ថែមពីលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ប្រាប់ថា មន្ត្រីសុខាភិបាល កំពុងតាមដានរកអ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកស្លាប់ជាច្រើននាក់ នៅតំបន់វង់កាថៈ ឃុំប៉ាក់ខ្លង ជាពិសេស ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង គ្រាដែលកូនប្រសារបុរសវ័យចំណាស់ដែលស្លាប់បម្រើការងារនៅការិយាល័យរដ្ឋបាលក្នុងរោងចក្រ KKN ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងទៀតថា សពបុរសឈ្មោះ ចាន់ លី យកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ៕

Advertisement
Advertisement