Connect with us

Hi, what are you looking for?

កីឡា

ប្រទេសភាគច្រើនមិនយល់ព្រមចំពោះ​ការលើកពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ដែលស្នើ​ដោយ​ប្រទេស​វៀតណាមទេ

ក្នុង​កិច្ចប្រជុំតាមប្រព័ន្ធអនឡាញដែលធ្វើ​ឡើង​កាលពីពេលថ្មីៗនេះ ជាមួយគណៈអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ស្តីពីការចង់ស្នើសុំពន្យាពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១លើកទៅឆ្នាំ២០២២ របស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមនោះ មានប្រទេសភាគច្រើនមិនយល់ព្រមនោះឡើយ ដោយថាការលើកពេលនេះនឹងជះឥទ្ធិពលយ៉ាងច្រើន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលចូលរួម​កិច្ច​ប្រជុំ​នោះ​បានបញ្ជាក់ថា «ភាគច្រើននៃបណ្តាប្រទេសនានាមិនយល់ព្រមនៃការលើកពេលស៊ីហ្គេម ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះ វៀតណាមនោះទេ ដោយបណ្តាប្រទេសទាំងនោះបានលើកហេតុផលអំពីការប៉ះពាល់យ៉ាងច្រើនអំពីការត្រៀមរៀបចំរបស់ខ្លួន ជាពិសេសគឺនឹងធ្វើឲ្យរងផលប៉ះពាល់ទៅលើគម្រោងថវិការជាតិរបស់គេនីមួយៗ ពីព្រោះគម្រោងថវិកាដែលចំណាយគឺត្រៀមចូលរួមប្រកួត ស៊ីហ្គេម សម្រាប់ឆ្នាំ២០២១ ខណៈគម្រោងថវិកាសម្រាប់ឆ្នាំ២០២២ គឺសម្រាប់គម្រោងលើព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត ដូចជា កីឡាអាស៊ី កីឡាអូឡាំពិករដូវរងារ ឬសម្រាប់ហ្គេមផ្សេងៗទៀតប៉ុណ្ណោះ។ ដូច្នេះមាន៦ទៅ៧ប្រទេស ហើយដែលជាសំឡេងភាគច្រើនមិនគាំទ្រ ដោយមានការលំបាកខ្លាំង ប្រសិនបើម្ចាស់ផ្ទះវៀតណាមលើកពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២វិញនោះ»។

លទ្ធផលរួមនៅក្នុង​កិច្ច​ប្រជុំ​បច្ចេកទេសនោះ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមនឹងលើកសំណើរចំនួន៣ទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដោយសេនារីយោទី១ គឺគម្រោងការប្រកួតចាស់ដដែល ពីថ្ងៃទី២១វិច្ឆិកា ដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១, សេនារីយោទី២ គឺអាចពន្យាពេលរហូតដល់ខែឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២ ហើយ សេនារីយោទី៣ គឺអាចពន្យាពេលវែង ដែលបន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺនៅឆ្នាំ២០២៥ ដែលដល់វេន ប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដល់វេនធ្វើម្ចាស់ផ្ទះ របស់ប្រទេសព្រុយណេ ដោយវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចន្លោះពីរលើកនេះ។

យ៉ាងណាក៏ដោយ បញ្ហាការលើកពេលរបស់ម្ចាស់ផ្ទះវៀតណាមនេះ នឹងត្រូវបើកកិច្ចប្រជុំមួយទៀត នៅ២សប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នឹងមានកិច្ចប្រជុំចុងក្រោយមួយថា តើការជ្រើសរើសរបស់រដ្ឋាភិបាលវៀតណាមក្នុងសេណារីយោណាមួយ ក្នុងចំណោម៣នេះ ហើយគណៈកម្មាធិការជាតិអូឡាំពិកជាតិទាំងអស់ជាសមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សម្រេចយក ឬក៏អត់៕

Advertisement
Advertisement