Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលស្រុកកំពង់សីលាបានបើកកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីរវាងភាគីលោកស្រី សេរី កូស៊ិន និងភាគីប្រជាពលរដ្ឋជិត ១០០គ្រួសារ

ព្រះសីហនុ៖ លោក ចាន់​ ពន្លក​ អភិបាល រងស្រុកកំពង់សីលា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំស្តីពីករណីទំនាស់ដីធ្លី ដែលស្ថិតនៅក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចស្រុកកំពង់សីលា និងភូមិបាលស្រុកកំពង់សីលា លោកមេឃុំ មេភូមិ ព្រមទាំងដើមបណ្ដឹង និងចុងបណ្ដឹង ដើម្បីឱ្យភាគីទាំងពីរ មកបកស្រាយនូវជីវប្រវត្តិនៃដីដែលមានទំនាស់ និងលើកយកឯកសារមកបញ្ជាក់ជាភស្តុតាង។

ទន្ទឹមនឹងនោះ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បានមានប្រសាសន៍ឲ្យដឹងថា ការអញ្ជើញភាគីទាំងពីរមកថ្ងៃនេះ គឺដើម្បីរកដំណោះស្រាយជូនភាគីទាំងពីរ ប្រសិនបើមិនពេញចិត្តនៅត្រង់ចំណុចណាមួយ អាចបន្តប្ដឹងទៅដល់តុលាការបាន ហើយប្រសិនបើរកឃើញថាភាគីណាមួយបានប្រព្រឹត្តអំពើល្មើស និងត្រូវទទួលទោសតាមនីតិវិធីច្បាប់ដែលបានចែង។ ហើយជាមួយគ្នានោះផងដែរលោកអភិបាលរងស្រុកកំពង់សីលាបានឲ្យចុងបណ្ដឹងចំនួន ៤នាក់ មានឈ្មោះ មឿន យឿន, ឈ្មោះ សុខ​ និល, ឈ្មោះ ឌឿន​ សំនី, ឈ្មោះ អ៊ុយ​ អុល ធ្វើការបកស្រាយពីជីវប្រវត្តិដីឲ្យកងកម្លាំងសមត្ថកិច្ច និងមន្ត្រីស្រុកកំពង់សីលាព្រមទាំងភាគីដើមបណ្ដឹងផងដែរបានស្ដាប់នូវហេតុការដែលខ្លួនបានចូលទៅទីតាំងដីមានទំនាស់នោះ ហើយក៏ជាដីដែលដើមបណ្ដឹងសំអាងថាមានប័ណ្ណកម្មសិទ្ធដែលមានលេខក្បាលដី ១៨៧,១៦៨,១៩២ ដែលមានដំណាំជាក់ស្ដែងនៅលើទីតាំងនោះតែម្ដង ហើយដោយភាគីចុងបណ្ដឹងពុំមានឯកសារណាមកសំអាងថាជាដីរបស់ខ្លួនកាន់កាប់ពីពេលណាមកនោះទេ ដោយមើលឃើញថា ដីនោះជាដីព្រៃបានចូលកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយមិនញញើតខ្លាចអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងបំពានទៅលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៀតផង។

នាឱកាសនោះ ភាគីដើមបណ្ដឹងដែលមានឈ្មោះ សេរី​ កូស៉ិន​ បានលើកឡើងថាប្រជាពលរដ្ឋបានទៅទន្ទ្រានយ៉ាងអនាធិបតេយ្យលើដីរបស់គាត់ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលទីតាំងនោះ គាត់មិនបានដាំដំណាំអ្វីទេ ពីព្រោះទីតាំងនោះគាត់ទុកសម្រាប់ធ្វើជាកន្លែង រមណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ទាញឲ្យភ្ញៀវជាតិនិងអន្តរជាតិ ចូលមកលេងកម្សាន្តស្រូបយកនូវខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិ របៀបបែបព្រៃឈើ និងបោះតង់អង្គុយលេងកម្សាន្តទៀតផង។ ដើមបណ្ដឹងឈ្មោះ សេរី​ កូស៉ិន បន្ថែមថា នៅពេលដែលរូបគាត់បានដាក់ពាក្យបណ្ដឹងមកអធិការស្រុកកំពង់សីលា ឲ្យជួយអន្តរាគមន៍ កងកម្លាំងសមត្ថកិច្ច អធិការស្រុកបានចុះធ្វើការហាមឃាត់មួយដងជាពីរដងរួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋនៅតែបន្តធ្វើដោយមិនញញឹមខ្លាចអ្វីទាំងអស់ ហេតុដូចនេះហើយលោកស្រីក៏បាន ដាក់ពាក្យបណ្ដឹងបន្តទៅរដ្ឋបាលស្រុកកំពង់សីលា ដើម្បីជួយរកដំណោះស្រាយជូនរូបគាត់ ដែល ប្រជាពលរដ្ឋហ៊ានរំលោភបំពាន ទៅលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។

ឆ្លើយតបទៅនឹងការសម្រេចនេះភាគីលោកស្រី សេរី កូស៊ិន និងភាគីតំណាងប្រជាពលរដ្ឋ ក៏បានឯកភាពគ្នាកំណត់ថ្ងៃចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្ហាញអំពីភាពស្អាតស្អំរៀងៗខ្លួន ព្រោះកន្លងមកភាគីទាំងពីរសុទ្ធតែមានអំណៈអំណាងរៀងៗខ្លួន ហើយសូមបញ្ជាក់ថា បើយោងតាមប្រភពពីភាគីតំណាងលោកស្រី សេរី កូស៊ិន បានបញ្ជាក់ថា ទីតាំងដីទំនាស់នេះ ពួកគាត់បានទិញត្រឹមត្រូវដោយមានប័ណ្ណកម្មសិទ្ធស្របច្បាប់ មានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន គឺភាគីគាត់ពុំបានទៅរំលោភដីរបស់ប្រជាពលរដ្ឋនោះទេ ដីដែលកំពុងទំនាសជាមួយប្រជាពលរដ្ឋមានចំនួនជាង ១០ហិចតា ក្នុងចំណោមផ្ទៃដីសរុបទាំង ៣ប័ណ្ណ មានទំហំសរុបជិត ៣០ហិចតា ដែលដីខ្លះមានដំណាំ និងដីខ្លះពុំទាន់មានដំណាំទេ ព្រោះគាត់បានដាំកូនឈើបន្ថែមដើម្បី ត្រៀមបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិទៀតផង។

បន្ថែមលើនេះ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បានឆ្លើយបញ្ជាក់ក្រោយកិច្ចប្រជុំរវាងភាគីម្ចាស់ប័ណ្ណកម្មសិទ្ធ និងភាគីតំណាងប្រជាពលរដ្ឋថា ចំពោះបញ្ហាទំនាស់ដីធ្លីនេះភាគីលោកស្រី សេរី កូស៊ិន ដែលមានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញគាត់សំអាងទៅលើប័ណ្ណកម្មសិទ្ធិចំនួន ៣ប័ណ្ណ(ប័ណ្ណបទបញ្ជា០១)ចេញកំឡុងឆ្នាំ២០១៤ ដោយភាគីម្ចាស់ប័ណ្ណបានចោទថា ក្រុមប្រជាពលរដ្ឋកាប់ទន្ទ្រានលើដីកម្មសិទ្ធស្របច្បាប់ដែលមានលេខក្បាលដី៖១៨៧,១៦៨,១៩២ ទីតាំងស្ថិតនៅក្នុងភូមិវាល ឃុំកំពុងសីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឯភាគីប្រជាពលរដ្ឋមិនមានឯកសារអ្វីមកសំអាងនោះទេ មានតែចំនួន ប្រជាពលរដ្ឋជិត ១០០គ្រួសារ គឺពុំមានឯកសារអ្វីទាំងអស់ ហើយបានចោទភាគីម្ចាស់ដីថាឃុបឃិតគ្នា លេងបួនសន្លឹកជាមួយពួកគាត់ ដោយប័ណ្ណកម្មសិទ្ធទាំងនេះ មិននៅលើទីតាំងដីដែលពួកគាត់កាប់ទន្ទ្រានព្រៃយកមកកាន់កាប់ធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ។

ហើយលោក អភិបាលរងស្រុកបានបញ្ជាក់ទៀតថាបើពិនិត្យទៅលើឯកសារ ផ្លូវច្បាប់ឃើញថា ភាគីលោកស្រី សេរី កូស៊ិន ហាក់មានប្រៀបជាង។ ប៉ុន្តែដើម្បីបញ្ជាក់អោយបានកាន់តែច្បាស់បន្ថែមទៀត ក្រោយមានកិច្ចប្រជុំជំនួបទាំងពីរភាគី ក្រុមការងារថ្នាក់ស្រុកដែលដឹកនាំដោយលោកអភិបាលរងស្រុកផ្ទាល់បានសម្រេចបង្កើតគណៈកម្មាធិការចំរុះចុះទៅធ្វើការវាស់វែង រកចំណុចនិយាមការទាំង ៣ប័ណ្ណ របស់លោកស្រី សេរី កូស៊ិន និងទីតាំងដីដែលប្រជាពលរដ្ឋអះអាងថា ពួកគាត់កាន់កាប់យូរហើយនោះ ដើម្បីងាយស្រួលដល់ក្រុមការងារវាយតម្លៃ និងអនុវត្តនិតិវិធីអោយមានតម្លាភាពទៅតាមផ្លូវច្បាប់មិនអាចភាគីណាមួយរំលោភបំពានភាគីណាមួយបាននោះទេ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement