Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់គ្រូទាយ និងគ្រូមន្តអាគមដោះអំពើ៣នាក់ ក្រោយគំរាម និង​ឆបោក​លុយ​ជនរងគ្រោះជាង​៦៧លាន​រៀល

(ពោធិ៍សាត់) — កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១ សមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឃាត់ខ្លួន គ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើចំនួន៣នាក់ ក្រោយ​ពីឆបោកស្រ្តីរងគ្រោះ២នាក់អស់ប្រាក់សរុបជាង៦៧លានរៀល។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា គ្រូទាយ និង​គ្រូមន្ត​អាគមនេះ ត្រូវ​បាន​ប្តឹងពីបទឆបោក និងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ កាលពីថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទីថ្ងៃ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឡើងដោយជនសង្ស័យ ទី១-ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ ទី២-ឈ្មោះ វង់ បឿ ហៅ បឿក ភេទប្រុស អាយុ ៣១ឆ្នាំ (ត្រូវជាកូនប្រសារ) ជាគ្រូមន្តអាគមដោះអំពើមើលជម្ងឺ និងទី៣- ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទាលុយពីជនរងគ្រោះយកមកធ្វើវិធីទំនឹបគ្រូ។

ក្រុមជនសង្ស័យខាងលើបានឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២០៦៨៨០០រៀល ( សែសិបពីលានប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំបីរយរៀល) ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះដែលរត់តាមស្រីឲ្យត្រឡប់មកវិញ។

ចំណែកឯជនរងគ្រោះទី២ឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥៥៥៥០០០រៀល (ម្ភៃប្រាំលានហាសិបប្រាំម៉ឺនប្រាំពាន់រៀល) ថ្លៃធ្វើពិធីឆាបហៅសង្សាជនរងគ្រោះដែលបានបែកចិត្តឲ្យត្រឡប់មកវិញ។

ចំពោះការឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំងពីរនាក់ខាងលើ ក្រុមជនសង្ស័យបានឲ្យជនរងគ្រោះធ្វើការវេប្រាក់ឲ្យពួកខ្លួនតាមវីងវេលុយជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យតាមការកំណត់ទេ គំរាមថានិងធ្វើអំពើឲ្យសមាជិកក្នុងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់។

ក្រោយទទួលពាក្យ​បណ្តឹង​សមត្ថកិច្ចបាន​ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី៕

Advertisement
Advertisement