Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ក្រសួងបរិស្ថានកំពុងជំរុញ​ការដាំដើមសោមបន្ថែម​ ដើម្បីបង្កើន​ចំណូល​ដល់ប្រជាសហគមន៍តាមរយៈ​ការលក់សត្វដួងសោម

តាមការចុះផ្សាយ​របស់ក្រសួងបរិស្ថានថា ដើមសោម ត្រូវ​គេ​ឃើញ​មានដុះច្រើននៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ។ ហើយ​តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ និងព្រះវិហារ តែងប្រមូលដួងសោមនៅចន្លោះខែសីហា-កញ្ញា ជាអាហារបំប៉នរបស់ពួកគាត់ តែក្រោយពីបានជ្រាបដល់ព្រះករុណាព្រះមហាក្សត្រនៅពេលនោះ ព្រះអង្គបានបញ្ជាដល់មេកន្ទ្រាញកួយឲ្យ​រៀបចំដួងសោម ដើម្បីថ្វាយជាក្រយ៉ាដល់ព្រះអង្គ ជារៀងរាល់ឆ្នាំ។

បច្ចុប្បន្ន ប្រជាសហគមន៍ជីឱកបឹងប្រីយ៍ នៅបន្តប្រមូលដួងសោមជាប្រពៃណីរបស់ខ្លួន តែមិនបានទទួលទានខ្លួនឯងទេ ដោយសារមានតម្រូវខ្ពស់នៅទីផ្សារ។

ជាទូទៅ ដួងសោមត្រូវប្រមូលមកទាំងគុលដើមសោម ដែលអាចរក្សាទុកបាន ២-៣ សប្តាហ៍បន្តទៀត មុនយកដួងសោមចេញមកធ្វើជាអាហារ។

ដួងសោម ជាអាហារធម្មជាតិដ៏ឆ្ងាញ់ មានលក់នៅតាមភោជនីយដ្ឋានមួយចំនួននៅខេត្តកំពង់ធំ និងព្រះវិហារ និងនៅទីក្រុងភ្នំពេញ នៅរដូវកាលប្រមូលផលក្នុងខែសីហា-កញ្ញា។ ដួងសោម មានតម្លៃពី ១២០០០-២០០០០ រៀលក្នុងមួយគ្រាប់។

ពេលនេះក្រសួងបរិស្ថានបាន និងកំពុងជំរុញការដាំដើមសោមបន្ថែម នៅក្នុងផ្ទៃដីសហគមន៍គោលដៅ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ ពីដួងសោម។

សូមបញ្ជាក់ថា ដួងសោម រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគមសោមជាអាហារ មុនវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ៕

Advertisement
Advertisement