ហ្សឺណែវ ៖ ថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីបញ្ចប់កិច្ចសន្ទនាជាមួយមេដឹកនាំរុស្សី វ្លាឌីមៀពូទីន ប្រមាណជាង២ម៉ោងកាលពីថ្ងៃពុធទី១៦ មិថុនា ម្សិលមិញ ឯទីក្រុងហ្សីណែវ ប្រទេសស្វីស លោក បៃដិន ថា សមភាគីក្រឹមឡាំងរបស់លោក មិនចង់មានសង្គ្រាមត្រជាក់ថ្មីទេ ។ នេះបើយោងតាមការចុះផ្សាយរបស់cna នាព្រឹកថ្ងៃទី១៧ មិថុនា នេះ ។
លោក បៃដិន បានថ្លែងថា លោក និងលោកពូទីនបានស្វែងរកដំណោះស្រាយជាមួយគ្នាលើតំបន់ដែលអតីតគូប្រជែងមហាអំណាច ដែលមានផលប្រយោជន៍ត្រួតស៊ីគ្នារួមមានតំបន់អាក់ទិកអ៊ីរ៉ង់ និងស៊ីរី។ លោកថា ប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរមាន“ ការទទួលខុសត្រូវតែមួយ” លើឆាកពិភពលោក ។
ចំណែកលោក ពូទីន វិញក៍បានថ្លែងបញ្ជាក់ដែរថា “ ការសន្ទនាពិតជាមានលក្ខណៈស្ថាបនា” ។ ដោយបន្ថែមថា ភាគីទាំងពីរបានឯកភាពដោយឱ្យឯកអគ្គរដ្ឋទូត បន្តតំណែងរបស់ពួកគេឡើងវិញ ៕