Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាមេរិក​បង្វែរថវិកា នៃគម្រោងព្រៃឡង់បៃតង របស់ USAID ទៅជួយ​អង្គការ​សង្គមស៊ីវិលវិញ

ព្រៃឡង់

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃម្សិលមិញនេះ បាន​ចេញ​សេចក្តីថ្លែង​ការណ៍ ដោយ​បញ្ជាក់ពី​ការ​បញ្ចប់ជំនួយរបស់ខ្លួន​ក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ហើយបង្វែរជំនួយ​នេះ​ទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថានវិញ។

ការបង្វែជំនួយ​នេះ ត្រូវ​ស្ថានទូត​បញ្ជាក់ថា ដោយសារ​តែ​ព្រៃឈើក្នុង​តំបន់​ព្រៃឡង់នៅតែបាត់បង់ ហើយការកាប់ឈើខុសច្បាប់នៅតែបន្តមាននៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃនៅព្រៃឡង់ ចំណែក​អាជ្ញាធរមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។

ព្រៃឡង់

ពាក់ព័ន្ធនឹង​ការបង្វែរជំនួយ​គម្រោងព្រៃឡង់នេះ លោក ​នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​បណ្តាញព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា ការបញ្ចប់គម្រោង «ព្រៃឡង់បៃតង» ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ គឺបានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការ​រាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញ​តួនាទី និងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។

លោកថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀត គឺលែងកើតមានទៀតហើយ ដោយនៅមានតែបទល្មើសទ្រង់​ទ្រាយ​តូចៗ​ប៉ុណ្ណោះ ដែលក្រសួង​និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា​ ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

Advertisement
Advertisement