Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញវីរុស​កូវីដ១៩បម្លែងខ្លួនថ្មី លើពលករ​ខ្មែរ​ទើប​ត្រឡប់​មកពីប្រទេស​ថៃចំនួន ៧នាក់

ក្រសួងសុខាភិបាល​បានប្រកាស​នៅព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២១នេះ​ថា គេ​បានរកឃើញ​មេរោគ​កូវីដ១៩បម្លែង​ថ្មី ប្រភេទ B.1.617-2 (Delta) នៅលើពលករខ្មែរ​ចំនួន៧នាក់ ដែលទើបត្រឡប់​មក​ពីប្រទេសថៃ។

ក្នុងនោះ នៅខេត្ត​បន្ទាយមានជ័យ មាន ១នាក់ ជា​ស្រ្តីអាយុ ២៦ឆ្នាំ នៅ​ភូមិ​ក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ជាពលករ​មក​ពី​ខេត្ត​ឈុនបូរី ប្រទេស​ថៃ បានត្រឡប់​ចូល​កម្ពុជា​តាមច្រក​ព្រំដែនអូរបីជាន់ កាលពីថ្ងៃទី៧ មិថុនា ហើយបច្ចុប្បន​្ន​កំពុងសម្រាកព្យាបាល​នៅមណ្ឌលសុខភាព​ប៉ោយប៉ែត។

នៅខេត្ត​ឧត្តរមានជ័យ មានចំនួន ២នាក់ ម្នាក់ជាបុរស​អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកចិត្របូរី ខេត្តក្រចេះ ជាកម្មករ​សំណង់​នៅក្រុង​មួយ​នៅ​ក្រុងថេប ហើយ​បាន​ចូល​មក​កម្ពុជា​តាមច្រកអូរស្មាច់ នៅថ្ងៃទី៨ មិថុនា ។ ម្នាក់ទៀតជា​បុរស​អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ជាកម្មករសំណង់​នៅក្រុមហ៊ុន​នៅក្រុងថេប បានចូល​មក​កម្ពុជា​កាលពីថ្ងៃទី៦ មិថុនា តាមច្រកអូរស្មាច់។ បច្ចុប្បន្នពួកគេ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យបង្អែកខេត្ត​ឧត្តរមានជ័យ។

នៅខេត្តសៀមរាប មានចំនួន ២នាក់ ជាស្រ្តីអាយុ ៤០ឆ្នាំ រស់នៅស្រុកក្រឡាញ់ បានវិលត្រឡប់​មក​ពី​ខេត្ត​ឈុនបូរី ប្រទេស​ថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែមិថុនា និង​ស្រ្តីម្នាក់ទៀត អាយុ៣១ឆ្នាំ នៅស្រុកក្រឡាញ់ ជាពលករ​នៅទីក្រុងបាងកក បានវិលចូល​មក​កម្ពុជាកាលពីថ្ងៃទី៦ មិថុនា តាមច្រកព្រំដែន​កម្ពុជា-ថៃ។ បច្ចុប្បន្ន​ពួក​គេ​ត្រូ​វបានដាក់​ឲ្យ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។

នៅខេត្តកំពង់ចាម មាន ១នាក់ រស់នៅស្រុកកំពង់សៀម ជាកម្មករ​សំណង់​នៅក្រុងថេប បានចូល​មក​កម្ពុជា​តាមច្រកអូរស្មាច់ នៅថ្ងៃទី៥ ខែមិថុនា។ បច្ចុប្បន្ន​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ខេត្តកំពង់ចាម។

នៅខេត្តកំពត មាន ១នាក់ ជាស្រ្តីអាយុ១៩ឆ្នាំ រស់នៅក្រុង​កំពត បានត្រឡប់​ម​កពីខេត្ត​ឈុនបូរី ឆ្លង​ចូល​មក​កម្ពុជា​នៅថ្ងៃទី៨ មិថុនា តាមច្រកព្រំដែនកម្ពុជា-ថៃ ។ បច្ចុប្បន្ន​កំពុងសម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត៕

Advertisement
Advertisement