Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីអធិការរងនគរបាលស្រុកអង្គរបូរីម្នាក់លួចរំដោះមនុស្សចេញពីមណ្ឌលធ្វើចត្តាឡីស័ក ស្នងការ​ដ្ឋាននគរបាលខេត្តតាកែវថា គឺជា​ការយល់ច្រឡំ

លោក ប៉ែន រដ្ឋា អធិការរងនគរបាលស្រុកអង្គរបូរី

ទំព័រ Facebook ផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃនេះ បានលើក​ឡើងថា ករណីលោក ប៉ែន រដ្ឋា អធិការរងនគរបាលស្រុកអង្គរបូរី ដែល​ត្រូវ​បាន​សារព័ត៌មានជាច្រើន​ផ្សព្វផ្សាយ​ថា អធិការរងរូបនេះ​បាន​រំដោះ​មនុស្ស​ចេញពីមណ្ឌលចត្តាឡីស័កនោះ គឺជា​រឿងយល់ច្រឡំ។

លោក ប៉ែន រដ្ឋា អធិការរងនគរបាលស្រុកអង្គរបូរី

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើ​ការ​បញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មានអ្នកពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជម្ងឺកូវីដ១៩ មានឈ្មោះ ប៉ែន រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបានអាជ្ញាធរតម្រូវឱ្យចូលធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សា សុខ អាន ទួលសំបូរ រួមជាមួយអ្នកពាក់ព័ន្ធដទៃទៀតដោយធ្វើតេសលើកទី១នៅថ្ងៃទី០៤ ខែមិថុនា និងលើកទី២នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ លទ្ធផលអវិជ្ជមានទាំង២លើក។ លុះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ ប៉ែន រិទ្ធី បានធ្វើការស្នើសុំចេញពីមណ្ឌលធ្វើចត្តាឡីស័កសុខ អាន ទួលសំបូរ ដើម្បីធ្វើចត្តាឡីស័កបន្តនៅគេហដ្ឋានវិញ ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន ព្រោះជម្ងឺទឹកនោមផ្អែមធ្វើទុក្ខឡើងវិញ ពិបាកក្នុងការធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលបាន ស្របពេលដែលក្រុមគ្រួសាររបស់ឈ្មោះ ប៉ែន រិទ្ធី ក៏កំពុងធ្វើចត្តាឡីស័កនៅផ្ទះដូចគ្នា។

ការស្នើសុំនេះឈ្មោះ ប៉ែន រិទ្ធី បានស្នើសុំទៅប្រធានមណ្ឌលចត្តាឡីស័ក និងលោកប្រធានមន្ទីរពេទ្យបង្អែកអង្គរបូរីដោយខ្លួនឯង ហើយខាងមន្ត្រីប្រចាំការបានពិនិត្យលើថ្នាំ និងបានអនុញ្ញាតឱ្យទៅធ្វើតេសបញ្ជាក់សុខភាព រួចឈ្មោះ ប៉ែន រិទ្ធី ក៏បានទៅផ្ទះតែម្តង មិនបានមកមណ្ឌលតែនៅធ្វើបន្តនៅផ្ទះ ទើបដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានមកយកសំណាក់លើកទី៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លទ្ធផលអវិជ្ជមានទើបរដ្ឋបាលស្រុកចេញលិខិតបញ្ជាក់ការបញ្ចប់ធ្វើចត្តាឡីស័កជូនលោក ប៉ែន រិទ្ធី ដើម្បីបានចេញប្រកបរបររកស៊ីធម្មតាវិញ។

ចំពោះលោក ប៉ែន រដ្ឋា ឋានៈជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដែលត្រូវជាបងប្រុសបង្កើតរបស់ឈ្មោះ ប៉ែន រិទ្ធី ក្រោយពីទទួលបានព័ត៌មានថា ប្អូនខ្លួនមានជម្ងឺរើឡើង ក៏បានខលទូរស័ព្ទសុំការអនុញ្ញាតពីលោកអភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងលោកប្រធានវេនប្រចាំការនៅមណ្ឌល ដើម្បីជួយសម្រួលប្អូនរបស់ខ្លួនមកធ្វើចត្តាឡីស័កនៅផ្ទះវិញ តែមិនបានរំដោះ ឬប្រើឋានៈ តួនាទីបង្គាប់បញ្ជាទៅមន្ត្រីប្រចាំការឱ្យឈ្មោះ ប៉ែន រិទ្ធី ចាកចេញពីមណ្ឌលនោះ ខណៈឈ្មោះ ប៉ែន រិទ្ធី បានត្រលប់ទៅធ្វើចត្តាឡីស័កនៅផ្ទះវិញរួចបាត់ទៅហើយ។

យ៉ាងណាក៏ដោយ បើ​តាម​កិច្ច​សម្ភាសន៍​តាមទូរស័ព្ទ​ដែលធ្វើ​ឡើង​រវាង​គេហទំព័រ អេអិនអិន និងលោកវេជ្ជបណ្ឌិត សេង គឹម ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុកអង្គរបូរី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅថ្មីៗនេះ លោក​បាន​ថ្លែងថា លោក ប៉ែន រដ្ឋា បានស្នើ​មក​លោក​ដើម្បី​យក​មនុស្ស​ចេញពីមណ្ឌលចត្តាឡីស័ក តែលោក​មិន​ហ៊ានអនុញ្ញាត​ឡើយ ដោយ​បានប្រាប់​ឲ្យ​លោក ប៉ែន រដ្ឋា ទៅសុំលោកអភិបាលស្រុកអង្គរបូរី ។

ក្នុងនោះដែរ លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី ក៏បានថ្លែងដែរថា លោកដឹងរឿងតាមរយៈ​លោក រស់ រ័ត្ន អភិបាលស្រុករបស់លោក ដែលបានរាយការណ៍ថា លោកអធិការរង បាន​សុំ​យក​មនុស្ស​ចេញពីមណ្ឌល​ តែពេលនោះ​លោក​មិន​បានអនុញ្ញាត​ទេ ប៉ុន្តែ​លោក ប៉ែន រដ្ឋា អធិការរងស្រុកអង្គរបូរី បានយកមនុស្ស​ចេញ​ផុតទៅហើយ៕

Advertisement
Advertisement