Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តសៀមរាប ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងនៅច្រកព្រំប្រទល់ខេត្តសៀមរាប

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមាប បានផ្សព្វផ្សាយពីការដាក់ឱ្យការដំណើរការកម្មវិធីចុះឈ្មោះអ្នកដំណើរចូល និងឆ្លងកាត់ខេត្ត តាមប្រព័ន្ធអនឡាញជំនាន់ទី២ ដើម្បីតាមដាន និងស្វែងរកអ្នកដំណើរ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ឬពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅតាមប៉ុស្តិត្រួតពិនិត្យសុខភាពបឋម តាមបណ្ដាស្រុក របស់ខេត្តសៀមរាប ដែលមានព្រំប្រទល់ជាប់នឹងខេត្តទាំង៣ ។ 

តាមរយៈការផ្សព្វផ្សាយដដែលនេះ បង្ហាញថា កម្មវិធីចុះឈ្មោះ ដោយអ្នកដំណើរខ្លួនឯងនេះ នឹងផ្ដល់ភាពងាយស្រួល ចំណាយពេលវេលាតិច ព្រមទាំងកាត់បន្ថយចំនួនមនុស្សរង់ចាំ នៅតាមប៉ុស្តិត្រួតពិនិត្យទាំងនោះ។ ការចុះឈ្មោះតាមប្រព័ន្ធអនឡាញនេះដែរ អ្នកដំណើរអាចចុះឈ្មោះនៅពេលណាក៏បាន ជាមួយចំនួនអ្នករួមដំណើរ មុនពេលចូលមកដល់ភូមិសាស្ត្រខេត្តសៀមរាប ក៏ដូចជាប៉ុស្តិត្រួតពិនិត្យសុខភាពបឋមទាំង ៣ទីតាំង រួមមានច្រកព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ស្ថិតក្នុងស្រុកជីក្រែង ច្រកព្រំប្រទល់ខេត្តសៀមរាប-បន្ទាយមានជ័យ ស្ថិតក្នុងស្រុកក្រឡាញ់ និងច្រកព្រំប្រទល់ខេត្តសៀមរាប-ឧត្តរមានជ័យ ស្ថិតក្នុងស្រុកស្រីស្នំ។ ក្នុងករណី អ្នកដំណើរ ពុំអាចចុះឈ្មោះ តាមប្រព័ន្ធអនឡាញនេះដោយជោគជ័យ អ្នកដំណើរនៅតែអាចបន្តចុះឈ្មោះនៅតាមបញ្ជរ នៅតាមប៉ុស្តិត្រួតពិនិត្យសុខភាពបឋមនីមួយៗ ដូចធម្មតា។

កម្មវិធីចុះឈ្មោះដោយខ្លួនឯងក្នុងប្រព័ន្ធចុះឈ្មោះចូលភូមិសាស្ត្រខេត្តសៀមរាប រួមមាន ៖ ១.  ចូលទៅក្នុង Web តាម srprovince.com/login , ២.  ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail) , ៣.  បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត ក្នុងនោះមាន ៖  បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ , ៤.  បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ ក្នុងនោះមាន ៖  ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់ ,  បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ ,  បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី , ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់ ,  បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួន ,  ចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក និង ៥.  ទាញយក QR និងអត្តសញ្ញាណបណ្ណ ទៅបង្ហាញមន្ត្រីព្រំប្រទល់ ។

ក្នុងករណីដែលមិនអាចចុះឈ្មោះតាមប្រព័ន្ធនេះបាន បងប្អូនអាចចូលចុះឈ្មោះជាមួយក្រុមការងារ ដែលនៅរង់ចាំសម្របសម្របសម្រួលចុះឈ្មោះជូន។

គួររំលឹកថា កម្មវិធីចុះឈ្មោះអ្នកដំណើរចូល និងឆ្លងកាត់ខេត្តខេត្តសៀមរាប តាមប្រព័ន្ធអនឡាញជំនាន់ទី១ ត្រូវបានរដ្ឋបាលខេត្តសៀមរាប ចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ កាលពីដើមខែមេសា ឆ្នាំ២០២១។

គួរជម្រាបថា គិត្រឹមថ្ងៃទី២០ ខែមិថុនានេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥៨៧នាក់ បានព្យាបាលជាសះស្បើយសរុបចំនួន ១៦៦នាក់ ស្លាប់សរុបចំនួន ៥នាក់ និងចំនួន ៤១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

Advertisement
Advertisement