Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋចោទមេឃុំរាប ឃុបឃិតឲ្យមានការរំលោភយកដីចំណីអូរ

ព្រៃវែង ៖ ពលរដ្ឋជាច្រើនគ្រួសារ នាថ្ងៃទី២៣ មិថុនា នេះ បានចោទមេឃុំរាប នៃស្រុកពារាំង ខេត្តព្រៃវែង ថា បានឃុបឃិតជាមួយអ្នកមានលុយ​ ធ្មេចភ្នែកបើកដៃឲ្យមានការរំលោភយក​ចំណីអូរ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។​

ពលរដ្ឋ ដែលប្រឆាំង​ចំពោះការទន្រ្ទានយក​ចំណីអូរ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់់រដ្ឋ

អ្នកភូមិម្នាក់ឈ្មោះ មាស សន ភេទប្រុស អាយុ៧៩ឆ្នាំ បានប្រាប់ក្រុមអ្នក​រាយការណ៍ព័ត៌មានថាដីចំណីអូរសាធារណៈ ដែលកំពុងមានទំនាស់នោះ ស្ថិតនៅចំណុច (ត្រពាំងខ្វែកចុងរំលេច) ស្ថិតក្នុងភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង មានទំហំជិតកន្លះហិកតា។ លោកថាបុគ្គលឈ្មោះ ជា បូណា បានមកឈូសឆាយកាន់កាប់រំលោភយកទាំងបំពាន តាំងពីដើមខែមិថុនា នេះ មកម្ល៉េះ បើទោះបីពលរដ្ឋដាក់ពាក្យប្ដឹងក្ដី ក៍អាជ្ញាធរធ្វើមិនដឹងមិនឮដែរ ។

ចំណែកអ្នកស្រី ជា ពិសី ជាកសិករក្នុងភូមិម្នាក់ទៀត​ក៍បានថ្លែងបញ្ជាក់ដែរថា ឈ្មោះ ជា បូណា បានប្រាប់គាត់ថា ការដែលគេ​មកបោះបង្គោល​ថ្ម កំណត់ព្រំដីលើចំណីអូរនេះ មិនមែនធ្វើដោយចិត្តឯងទេ គឺដោយសារតែមានការអនុញ្ញាតពីលោកមេឃុំរាប ផងដែរ ។

យ៉ាងណាក៍ដោយ លោក ផន ផល មេឃុំរាប បានថ្លែងថា លោកមិនបានអនុញ្ញាតឱ្យឈ្មោះ ជា បូណា ទៅដាំបង្គោលថ្ម លើដីរដ្ឋបែបនោះឡើយ ។ លោកថា គេចេះតែនិយាយទេ បើលោកអ្នកអនុញ្ញាតមែន សូមឱ្យឈ្មោះ ជា បូណា បង្ហាញលិខិតមក ។

ទាក់ទងបញ្ហានេះលោក ហ៊ី ធួក អភិបាលស្រុកពារាំង មិនអាចសុំការបកស្រាយបានទេ ព្រោះទូរស័ព្ទចូល គ្មានអ្នកទទួល៕

Advertisement
Advertisement