លោក ប្រាជ្ញ ចន្ទ ដែលជាអតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅថ្ងៃទី ២៤ មិថុនានេះ ត្រូវបានសមាជិករដ្ឋសភា បោះឆ្នោតឲ្យជាប់ឆ្នោតជាប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសតំណែងលោក ស៊ិក ប៊ុនហុក ដែលបានប្រកាសលាលែងពីតំណែងដោយសារសុខភាព។
លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធាន គ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ទៅតាម «ច្បាប់ ស្ដីពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈកម្មាធិការជាតិ រៀប ចំការ បោះឆ្នោត»។
បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា លោក ប្រាជ្ញ ចន្ទ នឹងត្រូវធ្វើស្បថចូលកាន់តំណែង ប៉ុន្តែកាលបរិច្ឆេទមិនទាន់បានដឹងនៅឡើយទេ។
គួររំលឹកថា តាមប្រវត្តិការងារសង្ខេប លោក ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ហើយចន្លោះពីឆ្នាំ១៩៩១ដល់ ២០០១ ជាអភិបាលខេត្តបាត់ដំបង, ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ, ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា៕