Connect with us

Hi, what are you looking for?

ក្នុងស្រុក

បទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែនចំណុចអូរហ៊ុច ចាប់ខ្លួនមន្រ្តីទាហាន និង​ប៉ូលិសការពារព្រំដែន៤នាក់ ដែលសមគំនិតឲ្យ​ជនជាតិវៀតណាមចូលមកកាប់ឈើ

(មណ្ឌលគិរី) – ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កាលពីពេលថ្មីៗនេះបានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាលទ្ធផល​កម្លាំង​បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលបានសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យមានការចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម ព្រមទាំងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង និងរណាយន្ត១។

សង្ស័យទាំង៤នាក់ មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ឈ្មោះ ឡឹក ញែក មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និងឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច។

អ្នកទាំង៤ ត្រូវ​បានកសាងសំណុំរឿងបញ្ជូនទៅ​កាន់តុលាការ​ចាត់ការ​តាមនីតិវិធី ហើយពេលនេះក្រុមការងាររបស់គណៈកម្មការជាតិកំពុង​បន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Advertisement
Advertisement