Connect with us

Hi, what are you looking for?

ក្នុងស្រុក

មិនធ្លាប់មាន! ថ្ងៃនេះ កម្ពុជាមានអ្នក​ស្លាប់ដោយសារ​កូវីដ១៩ រហូត​ដល់ទៅ ៣២នាក់

(ភ្នំពេញ) – យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹកថ្ងៃទី២ ខែមិថុនានេះ បាន​ឲ្យដឹងថា កម្ពុជា​មានករណីស្លាប់ដោយ​សារ​វីរុស​កូវីដ​១៩ រហូតដល់ទៅ ៣២នាក់, ចំនួននេះ គឺជាចំនួនដ៏ច្រើន​មិន​ធ្លាប់មាន ចាប់តាំងពី​កម្ពុជា​មានករណីស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩មក។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវ​ដឹកយកទៅបូជា

ដោយ​ឡែក​សម្រាប់​ករណីឆ្លងថ្មីនៅថ្ងៃនេះវិញ ក៏​មាន​ចំនួនច្រើនគួរ​ឲ្យ​កត់សម្គាល់ផងដែរ តែតិច​ជាង​ថ្ងៃម្សិលមិញ ពោល​គឺ​ចំនួន ៩៦៦នាក់។

បើសរុប​ពីពេលដែលកម្ពុជាមានករណីឆ្លងវីរុស​កូវីដ​១៩ កាលពីដើមឆ្នាំមុន មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងវីរុស​កូវីដ​១៩សរុប​ចំនួន ៥២៣៥០នាក់ហើយ ខណៈ​ករណីស្លាប់សរុប​មាន​ចំនួន ៦៦០នាក់។

កាលពី​ថ្ងៃទី​ ២៩ ខែ មិថុនា កន្លងទៅនេះ លោកស្រី ឱ វណ្ណឌីន មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រកាសថា មកដល់ពេលនេះ ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ឈានដល់​បន្ទាត់​ក្រហម​ក្នុង​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​ទៅក្នុង​សហគមន៍ ដែល​បញ្ហា​នេះ​ជា​ការបារម្ភ​។

លោកស្រី​បញ្ជាក់ថា នៅពេល​ស្ថានភាព​នៃ​ការរាតត្បាត​ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ហើយ មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​នឹង​ហួស​ពី​សមត្ថភាព​ ដោយសារ​អ្នកជំងឺ​ច្រើន មិនមាន​កន្លែង​សម្រាប់​សម្រាក​ទេ​។ ការឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​នឹងធ្វើ​ឱ្យមាន​ការបាត់បង់​ជីវិត​ច្រើន ហើយ​ប្រជាពលរដ្ឋ​ក៏​ពិបាក​ក្នុង​ការប្រកបរបរ​រក​ទទួលទាន​ជាដើម​៕

Advertisement
Advertisement