Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

មេរោគចាប់ជំរិតកំពុងវាយប្រហារតាមអ៊ីនធឺណេត ក្រសួងប្រៃសណីយ៍ប្រាប់ពីវិធានការការពារ

Laptop computer with the system being locked by ransomware cyber attack

ភ្នំពេញ — ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជូនដំណឹងថា កាលពីពេលថ្មីៗនេះ មានការ​កើន​ឡើង​នូវ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណេត​ក្នុង​ទម្រង់​ជាមេរោគ​ចាប់ជំរិត ដែលមានគ្រោះថ្នាក់​ខ្លាំង​ចំពោះស្ថាប័នរដ្ឋ និង​ឯកជន និង​បុគ្គលម្នាក់ៗ។

មេរោគចាប់ជំរិតកំពុងវាយប្រហារទៅលើអ្នកប្រើប្រាស់

បើតាមក្រសួងថា «​មេរោគ​ប្រភេទ​នេះ​គឺមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ ដែល​បណ្តាលមកពី​ទិន្នន័យ ប្រើប្រាស់​ក្នុង​ដំណើរ​ប្រតិបត្តិការ​ត្រូវបានធ្វើ​កូដនីយកម្ម (Encryped) ដែល​មិនអាច​ប្រើប្រាស់​បាន​»​។ មេរោគ​ប្រភេទ​នេះ​អាច​ឆ្លង​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ ឬ​អង្គភាព​តាមរយៈ​កត្តា​មួយចំនួន​ដូចជា ការប្រើប្រាស់​សូហ្វវែរ មិន​មាន​អាជ្ញាប័ណ្ណ ការបើក​ឯកសារ​ភ្ជាប់​មកជា​មួយ​អ៊ីមែល ការមិន​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​សូហ្វវែរ និង​កម្មវិធី​ប្រើប្រាស់​ជាដើម​។

ក្រសួង​ប្រៃសណីយ៍​បង្ហាញថា អ្នកប្រើប្រាស់​ត្រូវធ្វើការ​បង់​ប្រាក់​ក្នុង​ទម្រង់​ជា​រូបិយប័ណ្ណ​ឌីជីថល (Digital Currency) ដែល​ភាគច្រើន គឺ BitCoin ដើម្បី​ទទួលបាន​ឯកសារ​ទាំងអស់នោះ ត្រឡប់មកវិញ​។ ចោរ​ព័ត៌មានវិទ្យា​ក៏​ប្រើប្រាស់​វិធីសាស្ត្រ​ចាប់បង្ខំ​អ្នកប្រើប្រាស់​ឱ្យ​បង់ប្រាក់​ឱ្យបាន​ឆាប់​បើ​ពុំ​នោះទេ ពួកចោរ​ព័ត៌មានវិទ្យា​នឹង​បញ្ចេញ​ឯកសារ​ទាំងអស់​ដែល​ពួកគេ​បាន​លួច ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ជាខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​ស្ថាប័ន និង​ទទួលរង​នូវ​ការពិន័យ​ពី​និយតករ​ផងដែរ​។

វិធានការ​ការពារ​ចំពោះ​បញ្ហា​នេះ​ក្រសួង​ប្រៃសណីយ៍​បាន​ណែនាំ​អ្នក​អ្នកប្រើប្រាស់ ប្រើ​កម្មវិធី​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ (License Software ) ដោយ​ចៀសវាង​ទាញយក​កម្មវិធី​តាម​អ៊ីនធឺណិត​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​។

ធ្វើ​បច្ចុប្បន្នភាព ប្រព័ន្ធ​ប្រតិបត្តិការ (Operating System) និង​កម្មវិធី​ទាំងអស់​ដែល​អ្នកមាន​នៅក្នុង​កុំព្យូទ័រ ឧបករណ៍​ចល័ត​របស់​អ្នក​ឱ្យបាន​ទៀងទាត់​។ ដំឡើង​កម្មវិធី​កម្ចាត់ និង​ទប់ស្កាត់​មេរោគ (Anti-virus និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​ជាប្រចាំ​)​។ មិនត្រូវ​ចុច​លើ​តំណភ្ជាប់ (Link) ឬ​បើក​ឯកសារ attachment ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​នៅក្នុង​អ៊ីមែល ធ្វើការ​ថតចម្លង​ទុក​ឯកសារ​ជាប្រចាំ (Regular Backup) និង​បិទ​ការតភ្ចាប់​អ៊ីនធឺណិត​ (Offline)​៕

Advertisement
Advertisement