Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋអរគុណអភិបាលស្រុកអង្គរបុរី ដែលមានចំណាត់ការទាន់ពេលវេលា រឿងអ្នកមានលុយចាក់ដីលុបប្រឡាយរដ្ឋ

តាកែវ — កាលពីព្រឹកមិញនេះ ពលរដ្ឋរស់នៅឃុំព្រៃផ្គាំ ស្រុកអង្គរបុរី បាន​សម្តែង​ការ​ហួសចិត្តក្រោយ​ពី​ឃើញក្រុមគ្រឿងចក្រនាំគ្នា​ដឹក​ដី​មក​ចាក់លុបប្រឡាយរដ្ឋ នៅចំនុចទំនប់កៅសិបប្រុងយកធ្វើកម្មសិទ្ធិ ។ តែយ៉ាងណា មិនបានប៉ុន្មានម៉ោងផង ក្រុមគ្រឿងចក្រទាំងនោះ​បានរត់ចែកជើងគ្នា ក្រោយ​ពីលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី​បាន​បញ្ជាកម្លាំងចុះមកបង្ក្រាប។

បើតាមពលរដ្ឋថា អ្នកមានលុយនោះហ៊ានណាស់ ដោយ​គេបាន​ជួល​គ្រឿងចក្រ​មក​ចាក់ដីលប់ព្រែករបស់រដ្ឋ តែយ៉ាងណាពួកគាត់អរគុណដល់លោកអភិបាលស្រុកដែលបានចាត់វិធានការទាន់ពេលវេលាចំពោះករណីនេះ តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​អាជ្ញាធរ​មិន​អាច​ចាប់បានគ្រឿងចក្រទាំងនោះបាន។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរី បានថ្លែងថា ករណីចាក់ដីលុបព្រែកនេះ លោកមិនបានដឹងសោះ ហើយក៏មិនបានចេញច្បាប់ឲ្យ​ចាក់ដីនៅចំនុចនោះដែរ ។ លោកថា ផ្លូវនោះគឺមានលោក ឌឿ ជាអភិបាលរងស្រុកគាត់តែងធ្វើដំណើរកាត់តាមនោះរាល់ថ្ងៃ តែមិនដឹងម៉េច​គាត់​មិន​រាយការណ៍ជូនលោក ដោយ​បណ្តោយឲ្យ​គេចាក់ដី​រាប់សិបឡានចូល​ទៅ​ក្នុង​ព្រែកបាត់ទៅហើយ។

លោកថា អ្នក​ចាក់ដីនេះពិតជាព្រហើនមែន ដោយ​ចេះរកនឹកឃើញមកចាក់ដីលុបប្រឡាយរដ្ឋទៅកើត, តែយ៉ាងណាលោកបានបញ្ជាកម្លាំង​ឲ្យ​ឃ្លាំមើលទៀត បើមានអ្នក​ណាហ៊ាន​លុបប្រឡាយទៀត លោក​នឹងអនុវត្តន៍តាម​ផ្លូវច្បាប់ហើយ៕

Advertisement
Advertisement