Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលសម្រេចដាក់ឲ្យប្រើប្រាស់តេស្តរហ័សរកកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន និងស្ថានប័ននានា

ឧបករណ៍តេស្តរហ័សរកកូវីដ១៩

កាលពីយប់ថ្ងៃទី៧ កក្កដា ក្រសួងសុខាភិបាល​កម្ពុជា បានចេញសេចក្តីប្រកាស ដោយ​ដាក់ឲ្យ​អនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្ដីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន, ស្ថាប័ននិងអង្គភាពរដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែង អាជីវកម្មផ្សេងទៀត, និងសម្រាប់បុគ្គលឯកជន។

ឧបករណ៍តេស្តរហ័សរកកូវីដ១៩

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើក​ឡើងថា ការសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ១៩ សម្រាប់​ស្ថាប័ននានានេះ គឺដោយ​ផ្អែក​តាមស្ថានភាព នៃការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ និង​វត្តមាន នៃករណីនាំចូលមេរោគ​បំប្លែងខ្លួនថ្មី ប្រភេទដែលតា នៅក្នុងប្រទេស​កម្ពុជា។

បើតាម​ការ​បញ្ជាក់​ក្នុង​សេចក្តីណែនាំ ឧបករណ៍តេស្ត​រហ័សរកអង់ទីហ្សែន​កូវីដ​១៩ ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​លើ​ពិភពលោក រួមទាំង​ឧបករណ៍​ដែល​ប្រើប្រាស់នៅ​កម្ពុជា សុទ្ធតែមានចំណុច​ខ្សោយ​មួយ គឺ​មាន​ករណីអ្នក​ផ្ទុក​មេរោគ​កូវីដ១៩​មួយ​ចំនួនតូច ដែល​ឧបករណ៍​តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ១៩ រកមិនឃើញ ដោយ​ចេញលទ្ធផល​អវិជ្ជមានទៅវិញ។

ទោះយ៉ាងណាក៏ដោយ ឧបករណ៍​តេស្ត​រហ័ស​អត់ទីហ្សែន​កូវីដ​១៩ គឺនៅតែជាឧបករណ៍​យុទ្ធសាស្រ្ត​ដែលអាច​ជួយ​កាត់ផ្តាច់​ខ្សែ​បណ្តាញ​ចម្លង នៃជំងឺកូវីដ១៩ ព្រមទាំង​មានអត្ថប្រយោជន៍ច្រើន ដើម្បី​រួម​ចំណែក​ដល់​ការ​គ្រប់គ្រងការឆ្លង​រាលដាល នៃជំងឺកូវីដ​១៩ ព្រោះតែវា​ងាយស្រួលក្នុង​ការ​ប្រើប្រាស់ ដោយ​មិន​បាច់ឆ្លង​កាត់មន្ទីរពិសោធន៍ ហើយ​មានសមត្ថកិច្ច​អាច​រកឃើញបានឆាប់រហ័ស នៅ​ពេល​អ្នក​ផ្ទុក​មេរោគ​នេះ​កំពុងចេញ​រោគ​សញ្ញា ឬនៅពេល​ដែល​ចំនួន​មេរោគ​កូវីដ​១៩ដែល​ផ្ទុក​ក្នុង​ខ្លួន​កើន​ឡើង​ខ្ពស់៕

Advertisement
Advertisement