Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដីចំរ៉ុងស្មាច់រាប់រយហិចតា ត្រូវបានឈ្មួញទន្ទ្រានយក ខណៈពលរដ្ឋថា អាជ្ញាធរស្រុកបុទុមសាគរ មិនហ៊ានចាត់ការ

កោះកុង — ប្រជាពលរដ្ឋជិត២០០គ្រួសារ រស់នៅក្នុងភូមិព្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានប្រមូលផ្តុំគ្នានៅបរិវេណសាលាបឋមសិក្សាព្រលាន ដើម្បី​រង់ចាំការដោះស្រាយតាមការសន្យាពីសំណាក់អាជ្ញាធរស្រុកបុទុមសាគរ។

ការរងចាំនេះ ត្រូវបានធ្វើឡើងក្រោយមានការកាប់ឆ្ការដីព្រៃចំរ៉ុងស្មាច់រាប់រយហិចតាពីសំណាក់ឈ្មួញខិលខូច ដោយពុំមានការអើពើ និងទប់ស្កាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ។

រឿងរ៉ាវមួយនេះ បានធ្វើអោយពួកគាត់នាំគ្នាកើតទុក្ខមិនសុខចិត្ត ដោយបានចោទប្រកាន់អាជ្ញាធរថា ហាក់ធ្វើមិនដឹងមិនឮ បើទោះបីជាពួកគាត់បានរាយការណ៍ជាច្រើនលើកច្រើនសារយ៉ាងណាក្តី ។

ពលរដ្ជលើកឡើងទៀតថា ដីដែលឈ្មួញបានកាប់ឆ្ការគឺមានទំហំរាប់រយហិចតា ដោយថា កន្លងមកព្រៃនេះ គឺពួកគាត់តែងតែចេញចូលអាស្រ័យផល ដោយដាក់លប និងរកឃ្មុំ ។ល។ តែរយះពេលប្រមាណជា២ខែកន្លងទៅថ្មីៗនេះ ស្រាប់តែពួកគាត់បានឃើញព្រៃនោះ ត្រូវបានគេលួចកាប់ឆ្ការ ឡើងវាលបាត់ទៅហើយ ដោយមិនមានការបង្ក្រាបពីសំណាក់អាជ្ញាធរពាក់ព័ន្ធឡើយ។

ប្រជាពលរដ្ឋបានឲ្យ​ដឹងទៀតថា កន្លងមកអាជ្ញាធរស្រុកបុទុមសាគរ បានសន្យាខ្យល់ជាច្រើនលើកច្រើនសារ ដោយសន្យាថា និងបែងចែកដីឲ្យ​ពលរដ្ឋ តែការសន្យានេះ គឺជាការកុហកបោកប្រាស់ពីសំណាក់អាជ្ញាធរ ដោយពួកគាត់បានឃើញថា ដីដែលអាជ្ញាធរបានសន្យា បែជាត្រូវបានកាន់កាប់ដោយឈ្មួញ និងអ្នកមានអំណាចទៅវិញ ។

បើតាមពលរដ្ឋថា ដីចំរ៉ុងស្មាច់ដែលកំពុងត្រូវបានក្រុមឈ្មួញមានលុយ និងមានអំណាចលួចទន្រ្ទានយកនោះ ដើមឡើយ ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្រោមការគ្រប់របស់ក្រសួងបរិស្ថាន ជាអ្នកមើលថែ និងការពារដោយមិនអនុញ្ញាតឲ្យ​បុគ្គលណាម្នាក់ទន្រ្ទានបានឡើយ តែនាពេលថ្មីៗនេះមានឈ្មួញដែលមានលុយមានអំណាច ហាក់ដឹងពីបញ្ហាផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ក្នុងការកាត់ឆ្វៀលដីតំបន់នេះឲ្យ​ពលរដ្ឋប្រើប្រាស់អាស្រ័យផល ទើបមានការជួលមនុស្សឲ្យ​មកកាប់ឆ្ការដើម្បីយកជាសម្បត្តិផ្ទាល់ខ្លួន ហើយក៏ប្រហែលជាអាចមានការឃុបឃិតបើកភ្លើងខៀវពីជំនាញពាក់ព័ន្ធផងក៏មិនដឹង ។

ជុំវិញករណីនេះ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានទទួលស្គាល់ថា ពិតជាការលួចកាប់ព្រៃចំរ៉ុងស្មាច់ ដែលបានកាត់ចូលអនុក្រិតលេខ៣០ពិតប្រាកដមែន ហើយខាងអាជ្ញាធរក៏កំពុងស៊ើបអង្កេត វែករកជនប្រព្រឹត្ត និងអ្នកនៅពីក្រោយនៃទន្រ្ទានដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តផងដែរ ហើយចំពោះបញ្ហាដែលពលរដ្ឋចោទប្រកាន់ថា បានរាយការមកកាន់អាជ្ញាធរជាច្រើនលើកច្រើនសារ ពីករណីកាប់ទន្រ្ទានដីព្រៃខាងលើ គឺលោកពុំដែលទទួលបានព័ត៌មានពីពលរដ្ឋ ដូចការលើកឡើងរបស់ពួកគាត់ឡើយ ។

លោកថា ដីក្នុងតំបន់នេះមួយចំនួនត្រូវបានកាត់ឆ្វៀលចូលទៅក្នុងអនុក្រិត្យលេខ៣០រួចហើយ ដើម្បីទុកកាត់ជូនពលរដ្ឋក្នុងភូមិព្រលាន និងភូមិតាំកន់ តែបើទោះជាមានការកាត់ឆ្វៀលហើយក្តី ក៏ពុំអាចមានបុគ្គលណាម្នាក់ធ្វើការកាប់ឆ្ការតាមអំពើចិត្តនោះដែរ ពោលគឺត្រូវស្នើរសុំគោលការពីថ្នាក់ខេត្តតាមរយះអាជ្ញាធរមូលដ្ឋានជាមុនសិន ហើយការសម្រេចបែបណាគឺលើរដ្ឋបាលខេត្ត៕

Advertisement
Advertisement