Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែន កម្ពុជា-វៀតណាម រយៈពេល១ខែ

ដើម្បីទប់ស្កាត់​ការរីករាលដាល​ នៃជំងឺកូវីដ​១៩ ចម្លង​ចូល​មក​ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាកជាបណ្តោះអាសន្ន​សម្រាប់ការធ្វើដំណើរ​ចេញ-ចូល ឆ្លង​កាត់ព្រំដែនកម្ពុជា-វៀតណាម…

យោង​តាម​លិខិត​របស់ក្រសួងការបរទេស​កម្ពុជា ផ្ញើជូនឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​បាន​បញ្ជាក់ថា ដើម្បីទប់ស្កាត់​ការរីករាលដាល​ នៃជំងឺកូវីដ​១៩ ចម្លង​ចូល​មក​ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាកជាបណ្តោះអាសន្ន​សម្រាប់ការធ្វើដំណើរ​ចេញ-ចូល ឆ្លង​កាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នក​បច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈ​ពេល១ខែ។

ការផ្អាក​ឆ្លង​កាត់នេះ គឺនឹងអនុវត្ត​ចាប់ពីថ្ងៃតី១៨ ខែកក្កដា ឆ្នាំ​២០២១តទៅ លើកលែង​តែ​អ្នកជំងឺ​ដែល​ត្រូវ​ទៅព្យាបាលនៅវៀតណាម អ្នក​ការទូត មន្រ្តីរាជការដែលមាន​បេសកកម្ម​តាមការ​អញ្ជើញ​របស់អាជ្ញាធរ​ នៃ​ប្រទេស​ទាំងពីរ រួមទាំងនិស្សិត សិក្ខា​កាម​ដែលបាន​បញ្ចប់វគ្គសិក្សា ឬករណីមានការ​អនុញ្ញាត​ពិសេស​ពី​រាជរដ្ឋាភិបាល។

ចំពោះ​បុគ្គលិក និង​កម្មករ​ជំនាញ​របស់ក្រុមហ៊ុនវៀតណាមដែលបានចូល​មក​កម្ពុជា​រួចហើយ ទាំងអ្នក​ដែលបានធ្វើចត្តាឡីស័ករួច និង​អ្នក​ដែល​កំពុង​ធ្វើចត្តាឡីស័ក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅប្រទេស​វៀតណាមវិញទេ ក្នុង​អំឡុង​ពេល​នៃការផ្អាកការចេញចូល​បណ្តោះអាសន្ននេះ។

សូម​បញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ប្រទេស​វៀតណាមមានករណីផ្ទុះរាលដាលជំងឺកូវីដ១៩ក្នុងចំនួនច្រើន ដោយ​គ្រាន់តែថ្ងៃអង្គារម្សិលមិញ វៀតណាមមានករណីឆ្លង​កូវីដ១៩ថ្មី រហូត​ដល់ទៅ ២៣០១ករណី ដែលសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍៕

Advertisement
Advertisement