Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ពី​តួនាទីរបស់ខ្លួន និង​ករណីទំនិញ​ឡើង​ថ្លៃ​នៅ​ក្នុងទីផ្សារ

បន្ទាប់ពីមាន​មតិ​មួយ​ចំនួន​បានធ្វើ​ការ​រិះគន់​ក្រសួងពាណិជ្ជកម្មពាក់ព័ន្ធនឹងទំនិញ​ឡើងថ្លៃ​នៅ​លើទីផ្សារ ពិសេស​ករណី​នាំចូលសាច់ជ្រូកពីប្រទេស​ជិតខាងនោះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បំភ្លឺ​ដល់សាធារណជន ពីតួនាទីរបស់ខ្លួន និង​ករណីទំនិញ​ឡើង​ថ្លៃ​នៅ​លើទីផ្សារ។

ក្នុងនោះ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ចំនួន ៦ចំណុច ដូចខាងក្រោមនេះ៖

១- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុងច្បាប់ហើយត្រូវយកចិត្តទុកដាក់ ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករនិងជួយរកទីផ្សារលក់ផលិតផល។ ផ្អែកតាមគោលការណ៍គ្រឹះនេះ គឺក្រសួងពាណិជ្ជកម្មបានចរចាបើកច្រកទីផ្សារក្រៅប្រទេសដែលមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារ ឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយ ដោយគ្មានកំណត់ក្នុងច្បាប់នោះឡើយ។

ជាទូទៅ ការអនុវត្តយន្តការទីផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ ក្នុងករណីប្រទេសណាមួយដាក់វិធានការរឹតត្បិតលើការនាំចូលណាមួយប្រទេសនោះ ត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។

២- ដោយឡែកការនាំចូលសាច់ជ្រូក និងជ្រូករស់គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យលេខ១៧អនក្រ. បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូកពីអង្គភាពនានានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មឡើយ។ ការធ្វើតុល្យភាពនៃសេចក្ដីត្រូវការក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យមានការនាំចូលក្នុងបរិមាណណាមួយគឺជាសិទ្ធិសម្រេចរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចកំណត់ក្នុងអនុក្រឹត្យ១៧ អនក្រ.បក។

៣- ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និងវិធានការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ(price control) ឬទំនិញដែលធ្វើចរាចរក្នុងទីផ្សារកម្ពុជានោះឡើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ លើកលែងតែក្នុងករណី មានរបាយការណ៍ស៊ើបអង្កេត ដែលអាចបញ្ជាក់បាន ថាមុខទំនិញនាំចូលជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះត្រូវបាននាំចូលដោយមានការកើនឡើងដោយគំហុក នោះក្រសួងពាណិជ្ជកម្មនិងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំងការកំហិតបរិមាណ និងដំឡើងពន្ធនាំនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមានសំដៅការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមាន មកលើកសិករ ឬឧស្សាកម្មកម្ពុជា។

៤-សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្ដីជូនដំណឹង ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយនានា ដែលក្រសួងពាណិជ្ជកម្មបានអនុវត្តកន្លងមក មិនមែនជាការកំណត់ថ្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ តែនេះជាយន្តការមួយដែលជួយផ្សព្វផ្សាយដោយតម្លាភាពនៃការឡើងថ្លៃនៃថ្លៃប្រេងឥន្ធនៈដែលមានការប្រែប្រួល តាមការប្រែប្រួលនៃថ្លៃប្រេងឥន្ធនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានាទាក់ទងនឹងថ្លៃ មកគណនាតាមរូបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជនជ្រាប អំពីថ្លៃប្រេងឥន្ធនៈដែលក្រុមហ៊ុនប្រេងក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។

៥-ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមានភារៈកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រឹមតែស្រង់សន្ទស្សន៍នៃថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់ចេញនូវវិធានការណាមួយ ដែលអាចជួយសម្រួលដល់លំហូរទំនិញនៅក្នុងស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរីតែប៉ុណ្ណោះ។

៦- ពាក់ព័ន្ធនឹងសំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញយុទ្ធសាស្ត្រណាមួយ នៅលើទីផ្សារ នោះក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យមានកិច្ចប្រជុំពិភាក្សា ក្រោមក្របខ័ណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុ មុននឹងស្នើរសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលលើបញ្ហានេះ។

Advertisement
Advertisement