Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីផ្តាច់លេខអតិថិជន យកទៅលក់​ឲ្យ​អ្នក​ផ្សេង ក្រុមហ៊ុនស្មាត សម្រេច​ព្យួរការងារបុគ្គលិកម្នាក់

ការិយាល័យក្រុមហ៊ុន Smart នៅទីក្រុងភ្នំពេញ

ភ្នំពេញ — យោង​តាម​សេចក្តីប្រកាស​មួយ​ដែល​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី២៣ កក្កដា នេះ ក្រុមហ៊ុន​ស្មាត (Smart) ដែលជា​ក្រុមហ៊ុន​បម្រើសេវាទូរស័ព្ទ​ បានសម្រេចព្យួរការងារបុគ្គលិកម្នាក់ បន្ទាប់ពីរកឃើញថា បុគ្គលិករូបនេះ ប្រព្រឹត្តខុសនឹងក្រមសីលធម៌ និងបទវិន័យក្រុមហ៊ុន។

ការសម្រេចព្យួរនេះ ធ្វើឡើងក្រោយពីក្រសួងប្រៃសណីយ៍បានរកឃើញថាក្រុមហ៊ុនស្មាត (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ដោយលួចផ្ដាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើទៅលក់បន្តដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។

ក្រុមហ៊ុនស្មាតបានបញ្ជាក់ថា យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុនបុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ ឬផ្ទេរសិទ្ធិលើកម្មសិទ្ធិលេខទូរស័ព្ទណាមួយដែលកំពុង ដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាន និងការយល់ព្រមដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុនស្មាត បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

ទាក់ទងនឹងបញ្ហានេះ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុន ស្មាត ក្នុងលក្ខខណ្ឌចំនួន៤ គឺ

ទី១) ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។

ទី២) ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។

ទី៣)ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។ និងទី៤) រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

Advertisement
Advertisement