Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលករត្រឡប់មក​ពីថៃច្រើនពេក ខេត្ត​ឧត្តរមានជ័យ អស់កន្លែងធ្វើចត្តាឡីស័ក

ពលករខ្មែរសម្រុកចេញពីប្រទេសថៃ ធ្វើឲ្យខេត្តជាប់ព្រំដែនអស់កន្លែងធ្វើចត្តាឡីស័ក

ឧត្តរមានជ័យ — បើយោង​តាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ក្រោយ​សារ​តែកំណើនពលករ​ត្រឡប់មក​ពីថៃមានការកើន​ឡើង រហូត​ដល់រាប់រយនាក់ក្នុងមួយថ្ងៃៗតាមច្រក​ខេត្តឧត្តរមានជ័យ ឥឡូវខេត្ត​មួយ​នេះ លែង​អាច​ទទួល​ពលករ​ឲ្យ​ធ្វើចត្តាឡីស័កបាន ហើយ​បានផ្ទេរ​ទៅកាន់ខេត្ត​សៀមរាបវិញ។

ករណីនេះ បើតាម​លោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​សៀមរាប បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ខេត្តសៀមរាបគឺត្រូវបានចាត់តាំងជាខេត្តទី២ ដែលទទួលពលករវិលត្រឡប់មកពីប្រទេសថៃដោយសារតែខេត្តឧត្តរមានជ័យមិនមានកន្លែងទំនេរសម្រាប់ទទួលទៀតនោះទេ។

លោកថា យោងតាមសេចក្តីណែនាំថ្មីស្តីពីការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ការគ្រប់គ្រងការចេញចូល និងការធ្វើចត្តាឡីស័ក អាជ្ញាធរខេត្តនឹងទទួលពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ ឲ្យធ្វើចត្តាឡីស័ក។

បើតាម​លោក ចំណាន បច្ចុប្បន្ននេះ អាជ្ញាធរបានទទួលពលករប្រមាណពី ២០០ ទៅ ៣០០ នាក់ក្នុងមួយថ្ងៃពីខេត្តឧត្តរមានជ័យឲ្យធ្វើចត្តាឡីស័ក។

«ទោះយ៉ាងណា យើងសង្កេតឃើញថាមណ្ឌលចត្តាឡីស័កនៅតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាបឥឡូវស្ទើរតែពេញអស់ហើយ»។

កាលពីដើមសប្តាហ៍នេះ ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេស និងការធ្វើចត្តាឡីស័ក បាននិយាយនៅក្នុងសារជាសំឡេងថា ចាប់ពីពេលនេះតទៅ ពលករចំណាកស្រុកដែលវិលត្រឡប់ ហើយស្ថិតក្រោមការធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃនៅឯព្រំដែន នឹងត្រូវបានអនុញ្ញាតឲ្យផ្ទេរទៅស្រុកកំណើត ឬរាជធានី ដើម្បីបញ្ចប់ការចត្តាឡីស័កសប្តាហ៍ចុងក្រោយ៕

Advertisement
Advertisement