Connect with us

Hi, what are you looking for?

ក្នុងស្រុក

បង្រ្កាបមិនចេះអស់សោះ! ម្សិលមិញសមត្ថកិច្ច​ចុះបំផ្លាញទីតាំងដាំកញ្ឆានៅស្រុកគិរីវង់ ១៣ទីតាំង

សមត្ថកិច្ចបង្រ្កាបទីតាំងដាំកញ្ឆា

តាកែវ​ –​ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១​ កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១២​ប៉ុស្តិ៍​ បានបើកប្រតិបត្តិការឡើង​លើ​ភ្នំ​រុករក​ និង​កាប់​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​។

ប្រតិបត្តិការកាលពីថ្ងៃម្សិលមិញនោះ កម្លាំង​សមត្ថកិច្ច​បានរកឃើញ​ទីតាំងលួច​លាក់ដាំកញ្ឆាខុសច្បាប់​​ចំនួន​១៣​ទីតាំង​ និង​អាង​ស្តុ​ប​ទឹក​ចំនួន​៩​អាង​ នៅ​ចំណុច​ដុប​គុហារ​ចិន​ និង​ដុប​ដា​ដំរី​លេង​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ដែល​មាន​ផ្ទៃដី​ប្រមាណ​២៦៣២​ម៉ែត្រការ៉េ​។​

ក្រោយ​ការ​រកឃើញ​នោះ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

គួរ​រំលឹកដែរថា អស់រយៈ​ពេលជា​ច្រើន​ឆ្នាំមក​ហើយ ដែលកម្លាំង​សមត្ថកិច្ច​បានចុះ​ធ្វើប្រតិបត្តិការ​បង្រ្កាបទីតាំងដាំកញ្ឆានៅក្នុង​ភូមិ​សាស្រ្ត​ស្រុកគិរីវង់ ប៉ុន្តែបង្រ្កាបមិនចេះអស់នោះ​ឡើយ ដោយក្រុមជនល្មើសនៅតែលួចលាក់ដាំ៕

Advertisement
Advertisement