Connect with us

Hi, what are you looking for?

ក្នុងស្រុក

កុំចេះតែហ៊ាន! ម្សិលមិញតុលាការខេត្តសៀមរាប ចេញដីកាឃុំ​ខ្លួនមនុស្ស២នាក់ ដែល​លួចបើក​កន្លែងផឹកស៊ី មិន​គោរពគោការ​ទប់ស្កាត់ជំងឺកូវីដ១៩

អ្នកបើកកន្លែងផឹកស៊ីល្មើសនឹងបំរាម

សៀមរាប — កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញមនុស្សចំនួន២នាក់ ត្រូវ​បានសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត ក្រោមបទចោទពីករណីបើកកន្លែងផឹកសុី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង០២រូប ត្រូវ​បានបញ្ជាក់ថា ១-ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២ និង ២-ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តសៀមរាបបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ តាមការប្រកាស​របស់រដ្ឋបាលខេត្តសៀមរាប បុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏​បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕

Advertisement
Advertisement