Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទឹកទន្លេមេគង្គនឹងហក់ឡើង​ក្នុងរយៈ​ពេលពី៣ ទៅ៤ថ្ងៃខាងមុខ ក្រសួងប្រាប់​ឲ្យ​ពលរដ្ឋ​រស់​នៅតាមដងទន្លេ​ប្រញាប់ប្រមូលកសិផល

ទឹកទន្លេមេគង្គនឹងឡើងក្នុងរយៈពេល ៣ ទៅ៤ថ្ងៃខាងមុខ

ភ្នំពេញ — នៅ​រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២១នេះ ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា ព្យុះទី៧ សេមប៉ាកា និង​បណ្តា​ឥទ្ធិពល នៃព្យុះផ្សេងៗ​ទៀត ដែលមាន​ឥទ្ធិពលមក​លើ​អាងទន្លេមេគង្គ បានធ្វើ​ឲ្យ​មានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីបង្គួរ ទៅច្រើន ក្នុង​អាងទន្លេភាគខាងលើ ដូចជាចិន ថៃ និង​ប្រទេស​ឡាវ ព្រមទាំង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ប្រទេស​កម្ពុជា។

ស្ថានភាពបែបនេះ បានធ្វើ​ឲ្យ​ទឹកទន្លេមេគង្គ​ហក់​ឡើង ហើយ​នឹង​បន្ត​ឡើង​ក្នុង​រយៈ​ពេលពី ៣ ទៅ ៤ថ្ងៃខាងមុខ​ទៀត ដែលអាច​បណ្តាល​ឲ្យ​ជន់លិច​តំបន់ទំនាប​អមមាត់ទន្លេ​មេគង្គលើ នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្តត្បូងឃ្មុំ, តែ​ការ​ហក់ឡើងនេះ មិន​ទាន់ដល់​កម្រិត​កម្ពស់​ដែលត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ទេ។

ទោះជា​យ៉ាងណាក៏ដោយ ក្រសួងស្នើ​ដល់បងប្អូនប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ទន្លេមេគង្គ និង​តំបន់​ទំនាបនានា រួសរាន់​ប្រមូលកសិផល​ឲ្យ​ពានទាន់​ពេលវេលា និង​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាងនូវ​គ្រោះថ្នាក់ផ្សេងៗ ដែលអាច​កើត​មាន​ជាយថាហេតុ៕

Advertisement
Advertisement