Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីចាក់ដីលុបអាងទឹកស្រុកដងទង់ ប្រជាពលរដ្ឋលើកគ្នា​ដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ

ពលរដ្ឋនៅស្រុកដងទង់ លើកគ្នាមកប្តឹង ACU

ភ្នំពេញ — ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅស្រុកដងទង់ នៃខេត្តកំពត នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ​២០២១ បានលើក​គ្នា​មក​កាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយ​ដាក់ពាក្យ​ប្តឹងមន្រ្តីមួយ​ចំនួននៅខេត្តកំពត រួមមាន​អភិបាលរងខេត្ត​ម្នាក់, នាយករដ្ឋបាលសាលាខេត្ត, ប្រធាន​មន្ទីរធនធានទឹក, ប្រធានការិយាល័យ​ភូមិ​បាលស្រុកដងទង់ និងអភិបាលស្រុកដងទង់ ជាដើម ពាក់ព័ន្ធនឹង​ការ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​សេងសម្បត្តិ យកដីអាងទឹកស្រុកដងទង់លក់។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានស្នើសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ​ធ្វើការស៊ើបអង្កេតលើករណីទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិកតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹក និងដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ១៣៥ ដែលត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានទទួលប្រាក់ពីលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុនសេងសម្បត្តិ ចំនួន៥ម៉ឺនដុល្លារ និងមានលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានទទួលលុយឧបត្ថម្ភពីលោកសេង សម្បត្តិ ផងដែរ។

ពាក្យបណ្តឹងបន្តថា លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី និងលោក វិត វឌ្ឍនា មិនបានធ្វើការស៊ើបអង្កេតច្បាស់លាស់ ដែលបណ្តាលឱ្យមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ និងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។ លោក សេង សម្បត្តិ និងអភិបាលស្រុកដងទង់ លោក ស៊ីវ ផេង បានប្រព្រឹត្តអំពើពុករលួយឃុបឃិតសូកប៉ាន់ប្រើអំណាចចេញលិខិតដកហូតដីពីប្រជាពលរដ្ឋប្រគល់ឱ្យលោកសេង សម្បត្តិ, ចាន់ស្រីឡែន និងសុខ ហ្គិច។

យោងតាមឯកសារដែលទទួលបាន បានបង្ហាញអោយឃើញថា ឈ្មួញអាចធ្វើទៅបានដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវឱ្យក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណាដែលតវ៉ាលើដីរបស់ខ្លួននេះ បើនិយាយជារួម តែបើនិយាយដាច់ដោយឡែកលោក សេង សម្បត្តិ មានសិទ្ធិពេញទីរហូតបញ្ជាឱ្យលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ និងជំនាញធ្វើតាមការចង់បានរបស់ខ្លួនទៀតផង ដោយ​ដំបូងឡើយឱ្យលោក ណែម សារឿន ជាអ្នកទៅលួងលោមបញ្ចុះបញ្ចូលលោក តិល រិន មេភូមិសុភី ឈរឈ្មោះជាតំណាងប្រមូលកៀរគរដាក់ឈ្មោះប្រជាពលរដ្ឋលក់ដីឱ្យខ្លួនបានចំនួន២០គ្រួសារ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២០។

លោក តិល រិន ដដែលក៏បានបញ្ជាក់ថា លោកឈរឈ្មោះជាតំណាងលក់ដីឱ្យលោក ណែម សារឿន តែ២០គ្រួសារប៉ុណ្ណោះ ដែលមានដីអាស្រ័យផលនៅចំណីអាងទឹកដងទង់ ដោយឡែកដីបម្រុងរដ្ឋដីអាងទឹកគាត់មិនធានាអះអាងទេ គឺទុកឱ្យរដ្ឋជាអ្នកចាត់ចែង តែក្រោយមកក៏មានឈ្មោះលោកជាតំណាងលក់ដីរហូតដល់៣០គ្រួសារទៅវិញ ដែលម្ចាស់សាម៉ីមិនបានដឹងខ្លួនសោះឡើយ។

ទាក់ទងករណីនេះ លោកវិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានថ្លែងថា “ចាំសួរយោបល់ទៅស្រុកវិញ ចង់ដឹងច្បាស់ចុះទៅស្រាវជ្រាវផ្ទាល់បានដឹងសារបាននៃរឿងនឹង ខ្ញុំមិនទៅឆ្លើយឆ្លងអីជាមួយគាត់ទេ គេចង់ជួយសម្រួលឱ្យបានផលប្រយោជន៍ទៅគាត់ (ប្រជាជន) តាមការពិតគាត់អត់មានដីនៅនឹងទេ”។ ចំណែកលោកប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។

លោកសេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលតវ៉ាអត់មានដីនៅទីនោះទេ ហើយមិនមែនថា ខាងលោកមិនដោះស្រាយទេ គឺជួយដោះស្រាយតែគាត់ទាមទារច្រើន៕

Advertisement
Advertisement