Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក គឹម សន្តិភាព បញ្ជាក់មូលហេតុ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ចេញសារាចរណ៍ និង​សេចក្តីសម្រេចបន្ទាន់កាលពីយប់មិញ

លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌

ភ្នំពេញ — លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅព្រឹក​ថ្ងៃនេះ បាន​ធ្វើការ​បញ្ជាក់ពីការ​សម្រេច​ចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​បិទខ្ទប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងការ​ដាក់បំរាមគោចរ គឺដោយសារ​តែការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប។

លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌

លោកថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវ «រលកទី៣» នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប ទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ-១៩ ប្រភេទ Delta ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា តាមរយៈការសេចក្តីសម្រេច និងសារាចរ ដែលបានដាកចេញនៅយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖

១.សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

២.ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ទាំងសេចក្តីសម្រេចបិទខ្ទប់ ទាំងសារាចរបស់រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានីខេត្ត ដាក់ចេញនូវវិធានការលម្អិតសម្រាប់អនុវត្តទាំងក្នុងតំបន់បិទខ្ទប់ និងតំបន់ផ្សេងទៀត នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទៅតាមស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ហេតុនេះ គណៈអភិបាលខេត្តនៃខេត្តដែលត្រូវបិទខ្ទប់ និងគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស នឹងដាក់ចេញនូវសេចក្តីសម្រេចស្តីពីវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លម្អិត សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ព្រមៗគ្នា សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានេះ នៅក្នុងអំឡុងពេលនៃយុទ្ធនាការ ១៤ថ្ងៃនេះ ក្រសួង-ស្ថាប័នសាធារណៈ វិស័យឯកជន ព្រមទាំងបុគ្គលឯកជន ត្រូវបានលើកទឹកចិត្តក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីជាវិធានការបង្ការ ក៏ដូចជាការស្វែងរកអ្នកវិជ្ជមានមេរោគកូវីដ-១៩ ដោយផ្អែកតាមអភិក្រម “រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេល” សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

Advertisement
Advertisement