Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តមអភិបាលខេត្តអញ្ជើញចុះពិនិត្យមើលអគារត្រៀមសម្រាប់ពលករធ្វើចត្តាឡីស័ក

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលអគារត្រៀមសម្រាប់ពលករដែលវិលត្រលប់មកពីប្រទេសជិតខាងសម្រាប់ធ្វើចត្តាឡីស័ក ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកស្នងការរងនគរបាលខេត្តផងដែរ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អាគារនេះរដ្ឋបាលខេត្តបានត្រៀមរៀបចំសម្រាប់ទទួលពលករចំណាកស្រុកវិលមកពីប្រទេសជិតខាង។ ហើយអគារនេះមានចំនួន ២អគារ អាចឱ្យពលករស្នាក់នៅបានចំនួន ៨០នាក់ ដោយក្នុងនោះ អគារទី១-សម្រាប់ទទួលពលករស្នាក់នៅ និងធ្វើចត្តាឡីស័ក។ អគារទី២- សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុសបំលែងថ្មី(Delta) ដែលមានប្រភពមកពីប្រទេសឥណ្ឌា ក្នុងនោះឯកឧត្តមបានជូនពរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ឱ្យបំពេញការងារទទួលបានជោគជ័យ និងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement