Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរក្រុងសែនមនោរម្យ ចុះធ្វើតេស្ត និងយកសំណាកអាជីវករ និងពលរដ្ឋ

មណ្ឌលគិរី ៖ អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានចុះយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ លើអាជីវករ និងប្រជាពលរដ្ឋរស់នៅក្នុងផ្សារ នាព្រឹកថ្ងៃទី១៥ សីហា ២០២១ នេះ ក្រោយមានករណីផ្ទុះក្នុងសហគមន៏។

ដំណើរការនៃសកម្មភាពប្រកបរបរទិញលក់ ម្ហូបអាហារ ត្រីសាច់ បន្លែផ្លែឈើ ក្នុងផ្សារសែនមនោរម្យ ដែលជាមណ្ឌលសេដ្ឋកិច្ចធំជាងគេប្រចាំខេត្តមណ្ឌលគិរី ត្រូវបានបិទផ្អាកជាបណ្ដោះអាសន្ន ហើយផ្នែកខ្លះទៀតនៃផ្សារត្រូវបិទខ្ទប់ ដោយសារតែកំណើនអ្នកវិជ្ជមានក្នុងសហគមន៏បានផ្ទុះរាលដាលជាច្រើនករណី។

គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៥ សីហា ២០២១ នេះ គ្រូពេទ្យជំនាញបានធ្វើតេស្តលើប្រជាពលរដ្ឋ អាជីវករ ក្នុងផ្សារសែនមនោរម្យចំនួន២៦៥នាក់ វិជ្ជមាន០៤នាក់ ស្រី៣នាក់ ប្រុស១នាក់ ។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹង ថា ស្ថានភាពរួម នៃការរីករាលដាលកូវី១៩ ក្នុងក្រុងសែនមនោរម្យ គិតត្រឹមថ្ងៃទី១៤ មានអ្នកវិជ្ជមានចំនួន ២៩៦នាក់ ដែលក្នុងនោះឃើញថា មួយផ្នែកនៃភូមចំបក់ ដែលរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចបិទខ្ទប់កាលពីថ្ងៃទី០១ ខែសីហានេះ ដែលមានផ្ទះជួល៥៧បន្ទប់ ហ្នឹង យើងឃើញថាមានអ្នកវិជ្ជមានរហូតដល់ពេលនេះប្រហែល៦០ជាង ៕

Advertisement
Advertisement